ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដង្កោ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចំនួន១០ ឱ្យត្រៀមបង្ការគ្រោះទឹកជំនន់ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត បានហក់ឡើងខ្លាំងគួរឱ្យព្រួយបារម្មណ៍។ សង្កាត់ទាំង១០ ដែលត្រូវមានប្រុងប្រយ័ត្នខ្ពស់នោះរួមមាន សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានទំលំនៅជាប់សណ្តស្ទឹងព្រែកត្នោត ត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមបង្ការទឹកជំនន់ស្ទឹងព្រែកត្នោត ដោយសារបច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ហក់ឡើងដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។
ដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត ប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត ត្រូវត្រៀមសម្ភារ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់បង់សម្ភារ និងអាយុជីវិត។ ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត នូវស្ថានភាពទឹក ដើម្បីប្រាប់ដល់ប្រជាពលរដ្ឋឱ្យបានជ្រាបជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន