28 C
Phnom Penh
Saturday, December 21, 2024

ជប៉ុនពិចារណាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លាយគ្នាដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង

ស្តាប់អត្ថបទជាសម្លេង

រដ្ឋមន្ត្រីទទួលបន្ទុកការចាក់វ៉ាក់សាំងបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុនកំពុងពិចារណាលើលទ្ធភាពនៃការចាក់លាយគ្នានូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) ជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុនផ្សេងក្នុងគោលបំណងដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង។

ប្រទេសជប៉ុនដែលដំបូងឡើយពឹងផ្អែកទៅលើវ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) និងក្រុមហ៊ុន ម៉ូដឺណា (Moderna) នោះបានអនុម័តឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca កាលពីខែកក្កដា និងបានទិញចំនួន២លានដូស។

លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីទទួលបន្ទុកការចាក់វ៉ាក់សាំងបាននិយាយតាមទូរទស្សន៍ក្នុងស្រុកថា «ខ្ញុំបានស្នើឲ្យក្រសួងសុខាភិបាលផ្តល់យោបល់អំពីការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដូសទី១ និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដូសទី២ ឬចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដូសទី១ និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដូសទី២» ។

លោកបានបន្តថា ការធ្វើបែបនេះអាចពន្លឿនយុទ្ធនាការចាកវ៉ាក់សាំងដោយកាត់បន្ថយគម្លាតនៃការចាក់ដូសទី១និងដូសទី២នៅពេលប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca។

គម្លាតនៃការចាក់វ៉ាក់សាំងទាំងពីរដូសរបស់ក្រុមហ៊ុន AstraZeneca មានរយៈពេល៨សប្តាហ៍ដោយយូរជាងវ៉ាក់សាំងផ្សេងៗ។

ប្រទេសជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងរលកឆ្លងដ៏អាក្រក់បំផុតនៃជំងឺកូវីដ-១៩ដែលបណ្តាលមកពីវ៉ារ្យង់ Delta ហើយករណីឆ្លងប្រចាំថ្ងៃបានកើនលើស២៥,០០០នាក់ជាលើកដំបូងនៅក្នុងខែនេះ។

អត្រានៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសជប៉ុនទាបជាងបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀតដោយ៥៤%នៃពលរដ្ឋរបស់គេសរុបបានចាក់យ៉ាងហោចមួយដូស និង៤៣%បានចាក់ពេញលេញ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន Reuters ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img