ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងរាជធានី នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីក្លែងបន្លំខ្លួនធ្វើជាកម្លាំងសមត្ថកិច្ច ដាក់កុងត្រូលជជុះ ហើយឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ សម្លុតគម្រាមកំហែងទារប្រាក់។
យោងតាមការឱ្យដឹងពីមន្ត្រីអាវុធហត្ថខណ្ឌដង្កោ បានឱ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានជិះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនក៏ប្រទះឃើញមានករណីនេះកើតមានពិតប្រាកដមែន ហើយភ្លាមនោះកម្លាំងល្បាតធ្វើការបង្ក្រាបបានជាក់ស្តែងតែម្តង នៅវេលាម៉ោង ១២:៤០នាទីយប់ ចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ ជនសង្ស័យឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្រោយពីឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកហ្វតចង្កូតស្តាំមួយគ្រឿង ពណ៌ទឹកសមុទ្រ រួមនឹងកោនចរាចរណ៍០៦ដើម យកទៅសាកសួរ។ ចំពោះមុខកម្លាំងជំនាញ ជនសង្ស័យខាងលើបានសារភាពថា ខ្លួន និងបក្ខពួកម្នាក់ទៀត ពិតជាបានឃាត់រថយន្តហ៊ីយ៉ានដាយដឹកបន្លែ០១គ្រឿង ពិតប្រាកដមែន។ ដោយខ្លួនអះអាងប្រាប់អ្នកបើករថយន្តដឹកបន្លែថា ខ្លួនជាសមត្ថកិច្ច និងបានគម្រាមកំហែងទារប្រាក់ពីអ្នកបើករថយន្តនោះពិតប្រាកដមែន៕
អត្ថបទ និងរូបភាពដោយ៖ Puthi News