(បរទេស)៖ ក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ប្រទេសចិន គឺមានត្រកូលសរុបរហូតដល់ជិត ២៤,០០០ត្រកូល ដែលត្រូវបានកត់ត្រា ហើយក្នុងចំណោមនោះ ត្រកូលចំនួន៥,៦៦២ ត្រូវបានរក្សារហូតមកទល់សព្វថ្ងៃ។ ទោះជាយ៉ាងនេះក្តី មានតែ១០០ត្រកូលប៉ុណ្ណោះ ដែលមានវត្តមានយ៉ាងទូលំទូលាយបំផុត គឺស្មើនឹង៨៦ភាគរយ នៃប្រជាជនសរុបនៅក្នុងប្រទេសចិន។

ហេតុដូច្នេះហើយតើត្រកូលអ្វីទៅ ដែលសម្បូរជាងគេបំផុត នៅក្នុងប្រទេសដែលមានប្រជាជន ១.៤ពាន់លាននាក់នេះ។ របាយការណ៍ឆ្នាំ២០២២ របស់ក្រសួងសន្តិសុខសាធារណៈចិន បានបង្ហាញថា ត្រកូល «វ៉ាង (Wang)» នៅរក្សាតំណែងជា ត្រកូលដែលមានវត្តមានច្រើនជាងគេបង្អស់ដដែល។

បើតាមន័យត្រង់តែម្តង «វ៉ាង» មានន័យថា «ស្តេច» ហើយធ្លាប់ជាត្រកូល ដែលមានវត្តមានយ៉ាងសុះសាយ ក្នុងចំណោមសែរាជវង្ស និងគ្រួសារអភិជន នាសម័យបុរាណចិន។ ត្រកូល៩ផ្សេងទៀត ដែលមានវត្តមានច្រើនបំផុតដែរនោះគឺ «លី (Li)», «ចាង (Zhang)», «លាវ (Liu)», «ចិន (Chen)», «យ៉ាង (Yang)», «ហ័ង (Huang)», «ចាវ (Zhao)», «អ៊ូ (Wu)» និង «ចូវ (Zhou)»។

គួរជម្រាបថា «វ៉ាង» និង «លី» សុទ្ធតែជាត្រកូលរបស់ប្រជាជនចិនច្រើនជាង១០០លាននាក់ដូចគ្នា។ ចំណែកអ្នកត្រកូល «ចាង» មានចំនួន៩៥.៤លាននាក់, ត្រកូល «លីវ» មានចំនួន៧២.លាននាក់, ត្រកូល «ចិន» មានចំនួន ៦៣.៣លាននាក់, ត្រកូល «យ៉ាង» មានចំនួន៤៦.២លាននាក់, ត្រកូល «ហ័ង» មានចំនួន៣៣.៧លាននាក់, ត្រកូល «ចាវ» មានចំនួន២៨.៦លាននាក់, ត្រកូល «អ៊ូ» មានចំនួន២៧.៨លាននាក់ និងត្រកូល «ចូវ» មានចំនួន២៦.៨លាននាក់។

រីត្រកូល «ស៉ី (Xi)» របស់ប្រធានាធិបតីចិន ស៉ី ជិនពីង ដែលជាបុគ្គលមានឥទ្ធិពលបំផុតក្នុងប្រទេសចិន នាពេលបច្ចុប្បន្ននេះវិញ គឺពុំស្ថិតក្នុងចំណោមត្រកូលចិន ដែលសម្បូរបំផុតទាំង៤០០ នោះឡើយ៕

ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News