32 C
Phnom Penh
Friday, November 22, 2024

គិតត្រឹមចុងឆ្នាំ២០២១ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ២.៨៨៦ ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា

ភ្នំពេញ៖ គិតត្រឹមចុងឆ្នាំ២០២១ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មពី ធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ការិយាល័យតំណាង ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អ្នកដំណើរការតតិយភាគី អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន គ្រឹះស្ថានឥណទានជនបទ និងអាជីវកម្មប្តូរប្រាក់ មានចំនួនសរុប ២.៨៨៦គ្រឹះស្ថាន/មូលដ្ឋាន។ នេះបើតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

ទិន្នន័យដដែលនេះបង្ហាញថា គិតត្រឹមចុងឆ្នាំ ២០២១កន្លងទៅនេះ គ្រឹះស្ថានធនាគារពាណិជ្ជមានចំនួនសរុប ៥៤គ្រឹះស្ថាន, ធនាគារឯកទេស មានចំនួន ១០គ្រឹះស្ថាន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានចំនួន ៦គ្រឹះស្ថាន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ មានចំនួន ៧៩គ្រឹះស្ថាន, ការិយាល័យតំណាង មានចំនួន ៦គ្រឹះស្ថាន, ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ មានចំនួន ១៧គ្រឹះស្ថាន, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ មានចំនួន ២៨គ្រឹះស្ថាន, អ្នកដំណើរការតតិយភាគី មានចំនួន ៤គ្រឹះស្ថាន, អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន មានចំនួន ១គ្រឹះស្ថាន, គ្រឹះស្ថានឥណទានជនបទ មានចំនួន ២៣៤គ្រឹះ ស្ថាន និងអាជីវកម្មប្តូរប្រាក់ មានចំនួន ២.៤៤៧មូលដ្ឋាន។

ទោះបីប្រឈមនឹងវិបត្តិដែលអូសបន្លាយអស់រយៈពេលពីរឆ្នាំកន្លងមកនេះ ក៏ប្រព័ន្ធធនាគារបានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសវិស័យដែលរងផលប៉ះពាល់។ ជាលទ្ធផល កំណើនឥណទាន បានបន្តកើនឡើង ២១,២ភាគរយ នៅឆ្នាំ ២០២១ បើធៀបនឹងឆ្នាំ ២០២០ ដែលមានទំហំទឹកប្រាក់ ៤៥,៧ពាន់លានដុល្លារ ដែលត្រូវបានបែងចែកទៅគ្រប់វិស័យ។

ជាមួយគ្នានេះ ជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ បន្តមានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់បញ្ញើអតិថិជនដែលមានអត្រា ១៥,៤ភាគរយ ស្មើនឹង ៣៨,៥ពាន់លានដុល្លារ៕
អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img
spot_img