ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចរាល់ហើយ នូវឧបករណ៍សង្គ្រោះបន្ទាន់ និងយានជំនិះផ្សេងៗសរុបជាង១៤០០គ្រឿង ដើម្បីជួយសង្គ្រោះពលរដ្ឋដែលអាចនឹងជួបបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់ក្នុងរដូវវស្សា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែសីហា និងទិសដៅអនុវត្ត ខែកញ្ញា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ក៏បានធ្វើការពិនិត្យតាមដានជាប្រចាំអំពី ស្ថានភាពអាកាសធាតុ ដែលងាយបង្កឱ្យមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ជាពិសេសនៅតំបន់ភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រ។
ក្នុងរបាយការណ៍បានបន្តថា ក្រុមការងារកំពុងពិនិត្យ ផ្ទៀងផ្ទាត់តំបន់ភូមិសាស្ត្រតាមដងទន្លេមេគង្គ សម្រាប់ការត្រៀមលក្ខណៈឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះគ្រោះទឹកជំនន់ទន្លេមេគង្គ និងពង្រឹងពង្រីកការងារក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ មានប្រព័ន្ធ១២៩៤ និងប្រព័ន្ធPRISM ដោយមានកិច្ច សហការជាមួយអង្គការដៃគូសម្រាប់ឆ្លើយតប និងអន្តរាគមន៍ជួយសង្គ្រោះ។ ក្រៅពីនេះក៏បានត្រៀមរថយន្តធំចំនួន១ ២០៦គ្រឿង អូប័រចំនួន១៧៩គ្រឿង និងកាណូតល្បឿនលឿនចំនួន៣២០គ្រឿង សម្រាប់ជួយសង្គ្រោះពលរដ្ឋរងការប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ។
ស្ថាប័នជាតិមួយនេះក៏បានអះអាងដែរថា នឹងទទួលបានជំនួយរាជរដ្ឋាភិបាលនូវប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលជាជំនួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គិតជាថវិកាចំនួន៦ ៤០៩ ៥៦៩ដុល្លារ ជំនួយពីស្ថាប័ន ព្រះមហាក្សត្រ និងស្ថាប័នជាតិ នូវសម្ភារៈ ស្បៀងអាហារ និងថវិកា រួមទាំងជំនួយពីស្ថាប័នក្រៅរដ្ឋាភិបាល និងសប្បុរសជន សម្រាប់ចែកជូនពលរដ្ឋរងគ្រោះផងដែរ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះមហន្តរាយជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងខេត្តទាំង២៤ ក្នុងនោះខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ រងគ្រោះធ្ងន់ធ្ងរ បង្កឱ្យមានមនុស្សស្លាប់ចំនួន៥៨នាក់ រងផលប៉ះពាល់ចំនួន២២២ ៨៩២គ្រួសារ និងពលរដ្ឋ ជម្លៀសសរុបចំនួន ១៧ ៥១៧គ្រួសារ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News