ស្តាប់អត្ថបទជាសម្លេង
រតនគិរី៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ លើពលរដ្ឋអាយុ១៨ឆ្នាំឡើង ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស។
លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋបាលខេត្តរតនគិរី ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ កម្លាំងចិត្ត បានចូលរួមក្នុងការធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ដែលមានកូនអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមិនទាន់មកចាក់វ៉ាក់សាំង សូមបន្ដនាំពួកគេមក ទទួលយកការចាក់វ៉ាក់សាំង ការពារជំងឹកូវីដ-១៩ បន្ដទៀត ហើយចំពោះប្រជាពលរដ្ឋ ឬអាណាព្យាបាលកុមារ ដែលមានកូនអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ សូមអញ្ជើញនាំពួកគេមកទទួលយកវ៉ាក់សាំងការពារជំងឺនេះ ចាប់ពីថ្ងៃទី១៨ ខែកញ្ញានេះ តទៅ នៅតាមទីតាំងទាំងអស់ នៅស្រុកក្រុងទាំង០៩ក្នុងខេត្តរតនគិរីដើម្បីឲ្យពួកគាត់ឆាប់បានចូលរៀនវិញនាពេលខាងមុខនេះ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News