ស្តាប់អត្ថបទជាសម្លេង
កំពង់ធំ៖ អាជ្ញាធរខេត្ត កំពង់ធំ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួន៦១.៩៣៧នាក់ និងដូសទី៣ ដល់មន្ត្រីរាជការ អាជ្ញាធរដែនដីជាង ១៥.០០០នាក់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ តទៅ។
លោក សុខ លូ អភិបាលកំពង់ធំ បានមានប្រសាសន៍ឱ្យដឹងថា ការច៉ាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យនាពេលនេះធ្វើឡើងនៅទូទាំង០៩ក្រុង ស្រុក ក្នុងខេត្ត។
ដោយឡែកតែមន្ត្រីរាជការ និងអាជ្ញាធរដែនដី គឺរដ្ឋបាលខេត្តបានរៀបចំបញ្ជីឈ្មោះរួចជាស្រេច ហើយមកចាក់នៅសាលាខេត្តមួយកន្លែងតែប៉ុណ្ណោះ ដោយបែងចែកទៅតាមអង្គភាព និងក្រុង ស្រុក។
អភិបាលខេត្ត បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុ សូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ “៣កុំ និង៣ការពារ” ឱ្យបានត្រឹមត្រូវ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស មានអាកុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។
លោក អភិបាល ខេត្ត បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នា ធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ។
ជាមួយគ្នានោះដែរ អាណាព្យាបាល មាតា បិតា និងកុមារមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពរដ្ឋ ជាពិសេសគឺកុមារបានចូលសិក្សារៀនសូត្រឡើងវិញ ហើយប្រជាពលរដ្ឋ និងបានប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនផងដែរ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News