25 C
Phnom Penh
Saturday, December 21, 2024

ក្រុមតាលីបង់ថា ស្ត្រីអាហ្វហ្គានីស្ថាននឹងមានសិទ្ធិនៅក្នុងក្របខ័ណ្ឌច្បាប់អ៊ីស្លាម

ស្តាប់អត្ថបទជាសម្លេង

ក្រុមតាលីបង់ កាលពីថ្ងៃអង្គារ  បានប្រកាសថា  សិទ្ធិរបស់ស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងត្រូវបានគោរពនៅក្នុងក្របខ័ណ្ឌច្បាប់អ៊ីស្លាម។

នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់ក្រុមនេះចាប់តាំងពីបានចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យមក  អ្នកនាំពាក្យម្នាក់បាននិយាយថា ស្ត្រីនឹងមានសេរីភាពក្នុងការធ្វើការ ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួចអំពីច្បាប់ និងការរឹតត្បិតផ្សេងៗទៀត។ 

លោក ហ្សាប៊ីហ៊ូឡា  មូចាហ៊ីដ  (Zabihullah Mujahid) បាននិយាយថា  «យើងនឹងអនុញ្ញាតឱ្យស្ត្រីធ្វើការ និងទៅរៀននៅក្នុងក្របខ័ណ្ឌរបស់យើង។ ហេីយស្ត្រីនឹងចូលរួមយ៉ាងសកម្មនៅក្នុងសង្គមរបស់យើង»។ 

ជាមួយគ្នានោះ  លោកបានបញ្ជាក់ម្តងទៀតថា  ពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ត្រូវរស់នៅ  «ក្នុងក្របខ័ណ្ឌនៃច្បាប់អ៊ីស្លាម»។ 

កាលពីព្រឹកថ្ងៃអង្គារ  ក្រុមតាលីបង់បានប្រកាសពីការលើកលែងទោសជាទូទៅនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដោយនឹងមិនយកទោសក្រុមមន្ត្រីរដ្ឋាភិបាលមុន  និងអ្នកដែលធ្លាប់បានធ្វេីការឲ្យរដ្ឋាភិបាលបរទេសនោះទេ ហើយបាននិយាយថាខ្លួនចង់ឱ្យស្ត្រីចូលរួមជាមួយរដ្ឋាភិបាលរបស់ខ្លួន។

ក្រុមសិទ្ធិមនុស្សនានាបារម្ភថា  សេរីភាពរបស់ស្ត្រីអាចត្រូវបានបំផ្លាញនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។

សូមរំលឹកថា  ក្រុមតាលីបង់បានដឹកនាំតាមគោលការណ៍ដ៏តឹងរ៉ឹងដែលខ្លួនបានប្រតិបត្តិតាមច្បាប់សាសនាអ៊ីស្លាម  សារៀ  (Sharia)  នៅពេលដែលពួកគេបានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននៅចន្លោះឆ្នាំ១៩៩៦ និង ២០០១។ 

នៅពេលនោះ  ស្ត្រីត្រូវស្លៀកពាក់បិទបាំងរាងកាយជុំជិត  ហើយក្រុមតាលីបង់ក៏មិនអនុញ្ញាតឱ្យក្មេងស្រីអាយុ ១០ឆ្នាំឡើងទៅទៅសាលារៀនដែរ៕

អត្ថបទ នឹង រូបភាព Puthi News

អានបន្ត

spot_img
spot_img