(សេអ៊ូល)៖ មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់សាកល្បងមីស៉ីលចំនួន ៨គ្រាប់ នៅព្រឹកថ្ងៃចន្ទ នេះ ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលផ្លោងរយៈចម្ងាយខ្លីចំនួន៨គ្រាប់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។
បើតាមមន្រ្តីយោធាកូរ៉េខាងត្បូងខាងលើ សកម្មភាពនេះគឺជាការបង្ហាញពី «សមត្ថភាព និងការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការវាយប្រហារយ៉ាងជាក់លាក់» ប្រឆាំងនឹងប្រភពនៃការបាញ់មីស៉ីលរបស់កូរ៉េខាងជើង»។ មន្រ្តីរូបនេះដដែលបន្ថែមទៀតថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់ប្រភេទមីស៉ីល វាយប្រហារបាញ់ពីដីគោក ឬសមុទ្រទៅគោលដៅដីគោក ឬសមុទ្រ (Surface to Surface) ចំនួន ៨គ្រាប់ ក្នុងរយៈពេលប្រហែល ១០នាទី ដោយបានចាប់ផ្តើម នៅវេលាម៉ោង ៤៖៤៥នាទីព្រឹកព្រលឹមថ្ងៃចន្ទនេះ (ម៉ោងនៅកូរ៉េខាងត្បូង) ដើម្បីឆ្លើយតបទៅនឹងមីស៉ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៨គ្រាប់ដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។
គួរបញ្ជាក់ថា មីស៉ីលផ្លោងរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ដែលបានបាញ់ឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ គឺជាការធ្វើតេស្ដដ៏ធំបំផុតរបស់ខ្លួន ហើយបានកើតឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរបស់ពួកគេដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកមួយគ្រឿង ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។
មន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នាពេលថ្មីៗនេះ ក៏បានព្រមានផងដែរថា កូរ៉េខាងជើង ហាក់បីដូចជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក៕
ប្រភព Aljazeera
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News