កូនប្រុសរបស់តារាសម្ដែងជនជាតិអេស្ប៉ាញ ឈ្មោះ រ៉ូដូលហ្វូ សាន់ឆូ អាគ្វីរ៉េ (Rodolfo Sancho Aguirre) នឹងត្រូវបន្តឃុំខ្លួនពាក់ព័ន្ធនឹងការស្លាប់ និងការកាត់សាកសពបុរសជនជាតិកូឡុំប៊ីដែលត្រូវជាគូស្នេហ៍របស់គេនៅលើកោះទេសចរណ៍ Phangan នៃប្រទេសថៃ។
លោក Daniel Sancho Bronchal វ័យ ២៩ឆ្នាំ បានបង្ហាញខ្លួននៅចំពោះមុខតុលាការកាលពីថ្ងៃចន្ទ ខណៈដែលប៉ូលិសនឹងបន្តឃុំខ្លួនរូបគេសម្រាប់ការស៊ើបអង្កេត បន្តទៀត។
មុនឡើងតុលាការនេះ ប៉ូលិសបាននាំ Sancho ទៅកាន់ទីកន្លែងចំនួន ៧ រួមទាំងឆ្នេរមួយកន្លែងដែលរូបគេបានបោះចោលថង់ប្លាស្ទិកដែលមានផ្នែកខ្លះនៃរាងកាយរបស់បុរសជនជាតិកូឡុំប៊ី Edwin Arrieta Arteaga អាយុ ៤៤ ឆ្នាំ ជាគ្រូពេទ្យវះកាត់។
ចាប់តាំងពីថ្ងៃទី៣ ខែសីហា បំណែកនៃសាកសពបុរសអាយុ ៤៤ ឆ្នាំនេះ រួមមានត្រគាក ភ្លៅ ក្បាល ត្រូវបានអ្នកស្រុកប្រទះឃើញដោយចៃដន្យ នៅតាមទីតាំងផ្សេងៗគ្នាជុំវិញកោះ Phangan ដោយបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ឧត្តមសេនីយ៍ទោថៃ លោក Saranyu Chamnanrat បាននិយាយថា Sancho ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ហើយលាក់បាំង និងបំបែកសាកសពរាងកាយដើម្បីបិទបាំងការស្លាប់ ឬមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ។
កូនប្រុសតារាសម្តែងដ៏ល្បីល្បាញនៅប្រទេសអេស្ប៉ាញ ធ្វើការជាមេចុងភៅ និងបានធ្វើដំណើរទៅកាន់ប្រទេសថៃកាលពីថ្ងៃទី៣១ ខែកក្កដា ក្នុងនាមជាអ្នកទេសចរ ដើរកម្សាន្តក្នុងថ្ងៃឈប់សម្រាករបស់ខ្លួន។ ក្រោយការចាប់ខ្លួន គ្រួសាររបស់ Sancho កាលពីថ្ងៃអាទិត្យបានចេញលិខិតមួយដោយស្នើសុំឱ្យអាជ្ញាធរគោរព Sancho និងគ្រួសាររបស់គេ ក្នុងកាលៈទេសៈស្រពិចស្រពិលនៅឡើយនេះ។
យ៉ាងណាប៉ូលិសថៃបានលើកឡើងថា ការធ្វើតេស្ត DNA នៃអដ្ឋិធាតុទាំងនោះ បង្ហាញថាជាសាកសពរបស់ Arrieta ហើយប៉ូលិសមានភស្តុតាងគ្រប់គ្រាន់ប្រឆាំងនឹង Sancho។ ប៉ូលិសថៃ បន្តថា ការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ខណៈដែលអាជ្ញាធរបន្តស្វែងរកបំណែកសាកសពដែលនៅសេសសល់របស់ Arrietaបន្តទៀត៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News