27 C
Phnom Penh
Saturday, December 21, 2024

កិច្ចសន្ទនាទ្វេភាគីកម្ពុជា និងព្រុយណេ គូសបញ្ជាក់ពីការគាំទ្រ ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងការវិលទៅរកជីវភាពធម្មតាវិញរបស់មីយ៉ាន់ម៉ា

ភ្នំពេញ៖ ប្រមុខការទូតជាន់ខ្ពស់កម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយរដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ដើម្បីពង្រឹងកិច្ចសហការទ្វេភាគី។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម តាមប្រព័ន្ធវីដេអូ។ នេះបើយោងតាមផេកផ្ទាល់ខ្លួនរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរបង្ហោះនៅថ្ងៃនេះ។

លោកឧបនាយករដ្ឋ មន្ត្រី ប្រាក់ សុខុន បានឆ្លៀតឱកាសអបអរសាទរជាថ្មីម្តងទៀត ដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ប្រកបដោយភាពជោគជ័យ ដែលលោករដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ត្រូវបានតែងតាំងជា ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។ កិច្ចសន្ទនាទ្វេភាគី បានផ្លាស់ប្តូរមតិ និងយោបល់មួយចំនួន ដើម្បីអនុវត្តឱ្យបានល្អនូវការព្រមព្រៀង ជាឯកឆន្ទ ៥ចំណុច ដែលមេដឹកនាំអាស៊ាន បានអនុម័តនៅខែមេសាកន្លងទៅ។

នាឱកាសសន្ទនានោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់លោក ចំពោះបេសកកម្មរបស់រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម និងចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងការវិលទៅរកជីវភាពធម្មតាវិញរបស់មីយ៉ាន់ម៉ា ក៏ដូចជាផលប្រយោជន៍រួម នៃគ្រួសារអាស៊ានរបស់យើង៕


អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img