បច្ចុប្បន្នមានមធ្យោបាយច្រើនក្នុងការធ្វើដំណើរទៅតាមបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា ដោយអ្នកខ្លះជ្រើសរើសការជិះម៉ូតូ ជិះរថយន្តខ្លួនឯង ឯអ្នកខ្លះទៀតចូលចិត្តប្រើសេវាដឹកជញ្ជូនដូចជា រថយន្តក្រុងនិងរថយន្ត VIP ផ្សេងៗ ដែលធ្វើដំណើរដោយមិនបាច់បើកបរដោយខ្លួនឯង។
យ៉ាងណាក៏ដោយ នៅមានសេវាដឹកជញ្ជូនមួយទៀត ដែលមានសុវត្ថិភាព និងសន្សំសំចៃច្រើននោះ គឺការធ្វើដំណើរដោយជិះរថភ្លើង ដែលគេសង្កេតឃើញថា មានសម្ទុះខ្លាំង ក្រោយបើកដំណើរការឡើងវិញតាំងពីអំឡុងខែមេសា មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងថ្ងៃធម្មតាយ៉ាងហោចណាស់មានប្រជាពលរដ្ឋជិះរថភ្លើងពី ៨០នាក់ ទៅ ១០០នាក់ ក្នុង ១ ថ្ងៃ ដោយឡែកក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃបុណ្យ អាចមានអ្នកធ្វើដំណើរចន្លោះពី ៩០០នាក់ ទៅ ១ ០០០ នាក់ ក្នុង ១ ថ្ងៃ។
ពីភ្នំពេញទៅកាន់ខេត្តតាកែវតម្លៃ ២៤ ០០០ រៀល, ភ្នំពេញទៅខេត្តកែប ៣២ ០០០ រៀល, ភ្នំពេញទៅខេត្តកំពត ៣៦ ០០០ រៀល, ភ្នំពេញទៅខេត្តព្រះសីហនុ ៤០ ០០០ រៀល, ភ្នំពេញទៅខេត្តពោធិ៍សាត់ ២៨ ០០០ រៀល, ភ្នំពេញ ទៅខេត្តបាត់ដំបង ៣២ ០០០ រៀល, ភ្នំពេញ ទៅសិរីសោភណ្ឌ ៣៦ ០០០ រៀល, និងភ្នំពេញទៅប៉ោយប៉ែត ៤០ ០០០ រៀល៕
ដោយ៖ Puthinews