កោះកុង៖ ការកែច្នៃវត្ថុអនុស្សាវរីយ៍ ដែលបានផលិតពីត្រឡោកដូង របស់ក្រុមយុវជន នៅខេត្តកោះកុង បើទោះពុំទាន់មានតម្រូវការទីផ្សារយ៉ាងណាក្តី តែពួកគេនៅតែមានទឹកចិត្ត លើការផលិតប្រកបដោយការជឿជាក់ និងមិនបោះបង់។
លោកនាយក គណៈគ្របគ្រង លោកគ្រូអ្នកគ្រូនៅសាលាវិទ្យាល័យ ហ៊ុន ចាំយាម ប្រឹងប្រែង រួមគ្នាលើកទឹកចិត្ត និងជួយឧបត្ថម្ភផ្នែកស្មារតីនិងសម្ភារៈ ដល់ក្រុមយុវជនដើម្បីបន្តទៅមុខ តែហាក់មិនសមប្រកបតាមក្តីបំណង ខណៈបច្ចុប្បន្នពុំមានការបញ្ជាទិញពីអ្នកប្រើប្រាស់ នៅតាមសហគមន៍ទេសចរណ៍ រមណីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយនោះឡើយ។
កញ្ញា យ៉េង ស្រីយ៉ា ស្ថិតក្នុងវ័យសិក្សាត្រឹមថ្នាក់ទី១០ វិទ្យាល័យ ហ៊ុន សែន ចាំយាម កញ្ញាចង់បន្តវេនពីសិស្សរាមច្បង ដែលគ្រូបច្ចេកទេស ចាត់ទុកថា ជាសិស្សឆ្នើម អាចកែច្នៃវត្ថុអនុស្សាវរីយ៍ ដែលផលិតចេញពីត្រឡោកដូង និងសំបកគ្រុំ សំបកខ្យងសមុទ្រ បានយ៉ាងស្ទាត់ជំនាញ។
ត្បិតបច្ចុប្បន្នកំពុងរវល់ក្នុងការសិក្សា កញ្ញា យ៉េង ស្រីយ៉ា ក៏ដូចជាយុវជនក្នុងក្រុមទាំងអស់ សុទ្ធតែបានបង្ហាញពីសុទិដ្ឋិនិយម ទៅថ្ងៃខាងមុខ ដើម្បីបង្កើតជាមុខរបរអាជីព និងបង្កើនស្នាដៃផលិតលក់ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។
សព្វថ្ងៃនេះដោយសង្កេតឃើញថា ត្រឡោកដូងជាវត្ថុដែលពុំសូវមានតម្លៃ ប៉ុន្តែយើងអាចកែច្នៃបានព្រោះវាមានភាពស្រស់ស្អាតពីធម្មជាតិហើយរឹងមាំ ព្រមទាំងអាចយកមកធ្វើជាវត្ថុប្រើប្រាស់ផ្សេងៗបាន ជាក់ស្ដែងតាំងពីបុរាណកាល ដូនតាខ្មែរយើង បានកែច្នៃត្រឡោកដូងធ្វើជាឧបករណ៍តន្ដ្រីសម្រាប់លេងកម្សាន្ដ។
កន្លងមកពួកយើងបានយកត្រឡោកដូងមកកែច្នៃជារបស់ប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន គ្រាដែលមនុស្សទូទៅយល់ឃើញថា ត្រឡោកដូងហាក់ពុំមានគុណតម្លៃទើបគេភាគច្រើនក្រោយបរិភោគរួចក៏យកបោះចោល ឯខ្លះទៀតយកទៅបោះចោលពាសវាលពាសកាលដែលបានធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងក្លាយជាជម្រករបស់សត្វមូស ដែលជាភ្នាក់ងារចម្លងវីរុសគ្រុនឈាមផងដែរ។
ក្រុមយុវជននៃវិទ្យាល័យ ហ៊ុន សែន ចាំយាម ដែលមានចំណេះជំនាញ លើកែច្នៃវត្ថុអនុស្សាវរីយ៍ទាំងអស់ សុទ្ធតែបានលើកឡើងស្រដៀងគ្នាថា ធ្លាប់ធ្វើអាជីវកម្មមួយនេះនាពេលកន្លងមក ហើយបានបង្កើតឡើងក្នុងគោលបំណងកែច្នៃរបស់ដែលមនុស្សយល់ឃើញថា វាជារបស់គ្មានប្រយោជន៍មកធ្វើឱ្យមានប្រយោជន៍ ថែមទាំងជួយបណ្ដុះគំនិតច្នៃប្រឌិត និងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាពការងារដើម្បីរកប្រាក់ចំណូល ផ្គត់ផ្គង់ជីវភាព។ បង្កើតគំនិតច្នៃប្រឌិតដល់សិស្សានុសិស្សផ្សេងទៀត ក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់ការសិក្សានិងគ្រួសារជាដើម។
លោក ទៅ សុខឃី ជាគ្រូបង្គោលដឹកនាំការផលិត ចង់បង្កើតអាជីវកម្មនេះបន្តទៀតដោយប្រើគំនិតច្នៃប្រឌិតភាព ប៉ិនប្រសប់ និងសមត្ថភាពផ្ទាល់ ដោយលោកសង្កេតឃើញថានៅតាមភូមិ ស្រុកនានា គឺពាសពេញទៅដោយត្រឡោកដូង និងផ្លែដូងទុំជ្រុះដែលមនុស្សគ្រប់រូបបានមើលរំលងព្រោះគិតថា វាជារបស់ឥតប្រយោជន៍ ដូច្នេះយើងនឹងយករបស់ទាំងនោះមកធ្វើការកែច្នៃទៅជារបស់មានប្រយោជន៍បង្កើតជាអាជីវកម្មផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជួយផ្ដល់ឱកាសការងារពលរដ្ឋដើម្បីកាត់បន្ថយចំណាកស្រុក រួមចំណែកកាត់បន្ថយការនាំចូល ដើម្បីបង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើន។
គួររំលឹកថា កាលពីឆ្នាំ២០២១ ក្រុមយុវជននៃវិទ្យាល័យ ហ៊ុន សែន ចាំយាម ខេត្តកោះកុង ធ្លាប់ទទួលពានជួយលាភី ថ្នាក់ជាតិទូទាំងប្រទេសក្នុងការបញ្ចេញទស្សនវិស័យទេសចរណ៍ លើការច្នៃវត្ថុអនុស្សាវរីយ៍ ចេញពីសំបកគ្រុំសមុទ្រ។ បន្ទាប់មកនៅឆ្នាំ២០២២ យុវជនដដែល ក៏បានឈោងចាប់យក ការធ្វើបទបង្ហាញលើការផលិតវត្ថុអនុស្សាវរីយ៍ កែច្នៃចេញពីសំបក(ត្រឡោកដូង) ទទួលជ័យលាភីថ្នាក់ជាតិលេខ១ ទូទាំងប្រទេស ជាលើកទពីរ ក្នុងវ័យមធ្យមសិក្សា។
ដើម្បីបង្កើនបាននិរន្តរភាព សហគ្រិនភាព ដល់យុវជន គ្រប់មន្ទីរជំនាញពាក់ព័ន្ធគួរជួយជំរុញលើកទឹកចិត្តដល់ពួកគាត់ ខណ:ការសិក្សា មានតម្រូវការខ្ពស់ផ្នែកកញ្ចប់ថវិកា៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New