លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងស្នើសុំឱ្យភាគីជប៉ុនជួយកែច្នៃ និងនាំចេញកសិផលកសិកម្មទៅកាន់ទីផ្សារជប៉ុន ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារនៅមូលដ្ឋាន និងបង្កើតប្រាក់ចំណូលទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ការស្នើសុំរបស់លោក វេង សាខុន នេះនៅពេលដែលលោកនឹងជួបពិភាក្សាការងារជាមួយលោកអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុនដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ។
លោករដ្ឋមន្ត្រីបានជម្រាប់ជូនលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះថា នៅក្នុងជំនួបជាមួយលោកអនុរដ្ឋមន្ត្រីកសិកម្មជប៉ុននោះលោក ធ្វើការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងលើកជាសំណើជួយគាំទ្រលើការងារបច្ចេកទេសសំខាន់ៗជាអាទិ៍៖ ការកែច្នៃអាហារ គ្រាប់ស្វាចន្ទី ចេក ស្វាយ គ្រាប់ពូជ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាពផលិតកែច្នៃ ទាំងធនធានមនុស្ស និងឧបករណ៍សម្ភារកែច្នៃ។ល។ ដោយឡែក ចំពោះសំណើឲ្យពិនិត្យលើលក្ខខ័ណ្ឌនៃការនាំចេញកសិផលទៅកាន់ទីផ្សារជប៉ុន ដូចជាផ្លែស្វាយក៏អាចលើកយកមកពិភាក្សា នាឱកាសនោះផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា ការកសាងខ្សែច្រវាក់តម្លៃបន្ថែម ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការពង្រឹងលើការផលិត កែច្នៃវត្ថុធាតុដើម ក្រោយការប្រមូលផល រួមជាមួយនឹងការផ្តល់ទុន និងការលើកកម្ពស់សមត្ថភាព គុណភាពផលិតដល់សហគ្រាសធុនតូច និងមធ្យម គឺជាការចំបាច់នាពេលបច្ចុប្បន្ន ដើម្បីប្រជាជនកម្ពុជាទទួលបានតម្លៃបន្ថែមនិងទីផ្សារការងារផងដែរ ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា រីឯការត្រួតពិនិត្យគុណភាពគ្រាប់ពូជដំណាំស្រូវ ការគ្រប់គ្រង និងការប្រើប្រាស់ថ្នាំកសិកម្ម ក៏ជាតម្រូវការចាំបាច់របស់កម្ពុជា ក្នុងការពង្រឹងផលិតនាំចេញ ប្រកបដោយគុណភាពនិងសុវត្ថិភាព ជាពិសេសការ កែច្នៃគ្រាប់ស្វាយចន្ទី ក៏ជាអាទិភាពខ្ពស់ដែលក្រសួងបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍនិងវិស័យឯកជន ធ្វើការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឆ្លើយតបតាមស្តង់ដាជប៉ុន ដែលមានគុណភាពកម្រិតពិភពលោក ហើយពិតណាស់បើកម្ពុជាអាចធ្វើបាន នោះផលិតផលកសិកម្មកម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិបានយ៉ាងទូលំទូលាយ។ លើសពីនេះលោករដ្ឋមន្ត្រីក៏បានលើកឡើង ប្រធានបទសំខាន់ៗផងដែរសម្រាប់លើកយកមកពិភាក្សា សំណើសុំពិចារណាជួយឧបត្ថម្ភ និងគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈលោកអនុរដ្ឋមន្ត្រីកសិកម្ម ជប៉ុន ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខ។
លោកឯកអគ្គរាជទូតជប៉ុនក៏បានលើកឡើងថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារនៅមូលដ្ឋាន និងបង្កើតប្រាក់ចំណូលទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ផលិតផលកសិកម្មកម្ពុជាដែលមានគុណភាពល្អៗជាច្រើនមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទីផ្សារជប៉ុនផងដែរ ឧទាហរណ៍មានអង្ករ ចេក ស្វាយចន្ទី និងម្រេច។ល។ ដូច្នេះការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាពកែច្នៃ ការជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេស គឺជាអាទិភាពចម្បងសម្រាប់អង្គការ JICA យកទៅពិនិត្យ ពិចារណាតាមសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយទាំងអស់នេះ គឺស្ថិតក្នុងរបៀបវារៈនៃជំនួបពិភាក្សារបស់ឯកឧត្តមអនុរដ្ឋមន្ត្រីកសិកម្មជប៉ុនជាមួយឯករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជានាពេលខាងមុខ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News