30 C
Phnom Penh
Saturday, July 27, 2024

ចាប់រថយន្តដឹកជញ្ជូនរបស់ថៃចំនួន១៣គ្រឿង នៅខេត្តឧត្តរមានជ័យ ដែលដឹកលើសទម្ងន់ ឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់

ស្តាប់អត្ថបទជាសម្លេង

ឧត្តរមានជ័យ៖ ក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់ និងពិន័យយានយន្តដឹកជញ្ជូនទំនិញរបស់ប្រទេសថៃ ដែលដឹកលើសទម្ងន់កម្រិតកំណត់ សរុបចំនួន ១៣គ្រឿង ក្នុងខេត្តឧត្តរមានជ័យ  នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។ 

រថយន្តទាំង១៣គ្រឿងនេះ  បានឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់  បានដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី៧តោន ទៅ ៨តោន ដឹកទំនិញដូចជា ស៊ីម៉ងត៍ ជ្រូក អំបិល ផ្លែឈើ និងប្រហិត  ជាដើម។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ ធ្វើនៅលើផ្លូវជាតិលេខ៦៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ  ១០៦-១០៧ ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ  ដឹកនាំដោយ  លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធ។ 

ទន្ទឹមនេះ  ក្រសួងក៏បានរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img