ខេត្តស្ទឹងត្រែង:ត្រយ៉ងគឺជាសត្វស្លាបមួយប្រភេទដែលត្រូវបានអភិរក្ស ដោយសារតែបក្សីប្រភេទនេះកំពុងស្ថិតក្នុងបញ្ជីក្រហម ដែលស្ទើរតែនឹងផុតរលុតពីភពផែនដីទៅហើយ។ តែថ្មីៗសត្វត្រយ៉ងចង្កំក-ស ត្រូវគេប្រទះឃើញ១ហ្វូង នៅចំណុចភូមិកោះស្រឡាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
លោកឡេង ថុល មន្ត្រីអង្គការអភិរក្សសត្វត្រយ៉ង ប្រចាំខេត្តស្ទឹងត្រែងហៅកាត់ ACCB (Angkor Center for Conservation of Biodiversity) បានឱ្យដឹងថា សត្វត្រយ៉ងចង្កំក-ស គឺជាសត្វកម្រ ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្សសត្វស្លាប។ ហើយបច្ចុបប្បន្នសត្វត្រយ៉ងត្របានប្រទះឃើញរកស៊ីតាមត្រពាំងក្បែរៗស្រែ និងចម្ការអ្នកស្រុក ស្ថិតក្នុងភូមិកោះស្រឡាយ ។
លោកបន្តថា កាលពីចាប់ផ្តើមអភិរក្សដំបូងគឺវាមានតែ៤ ទៅ៥ក្បាលប៉ណ្ណោះ តែក្នុងរយ:ពីរខែចាប់ពីខែសីហា រហូតមកដល់ ខែកញ្ញា ឆ្នាំ២០២១នេះ វាមានចំនួនកើនឡើងរហូតដល់ទៅ៨៣ក្បាលហើយ។
ទន្ទឹមនឹងចំនួនកើនឡើងយ៉ាងដូច្នេះ លោកថា ក្រុមការងាររបស់លោកនឹងធ្វើការស្រាវជ្រាវបន្តទៀត ឱ្យបានច្បាស់លាស់ ក្រែងពួកវាបានហោះហើរចេញពីតំបន់អភិរក្សផ្សេងៗ ហើយមកតាំងលំនៅរស់នៅតំបន់នេះវិញ។
លោកបន្តទតថា សត្វត្រយ៉ងចង្កំក-ស វាមានប្រយោជន៍ខ្លាំងសម្រាប់បរិស្ថាន វាស៊ីកូនកង្កែប ក្អាត់ ជន្លេន និងសត្វល្អិតមួយចំនួនទៀតជាអាហារ ភាគច្រើនពួកវាធ្វើសប្បុកលើដើមឈើធំខ្ពស់ និងមានទីជម្រកនៅតាមតំបន់ ខ្ពង់រាប ព្រៃភ្នំ ជាព្រៃល្បោះ ព្រៃស្រោង ដែលសំបូរទៅដោយប្រភពទឹក ដូចជា ថ្លុក ត្រពាំង បឹងបួរ អូរ ព្រែក ស្ទឹង និងទន្លេជាដើម ។
គេអាចសម្គាល់សត្វប្រភេទនេះបានដោយសារតែ វាមានពណ៌ស១កង់ នៅព័ទ្ធជុំវិញ “ក”ត្រង់ផ្នែកខាងក្រោមនៃកញ្ចឹងក បន្តិច ដែលមានសណ្ឋាន ឬលក្ខណះដូចចង្កំ ឬប្រឡៅអញ្ចឹង ដូច្នេះហើយទើបចាស់បុរាណហៅថាសត្វត្រយ៉ងចង្កំក-ស។
លោកឡេង ថុល ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅ ភូមិកោះស្រឡាយផងដែរ ដែលកន្លងមក បានសហជាមួយអង្គការ របស់លោកបានយ៉ាងល្អប្រសើរ ហើយលោកសង្ឃឹមថាសត្វត្រយ៉ងចង្កំក-ស នឹងមានចំនួនច្រើនជាងនេះទៅថ្ងៃអនាគតផងដែរ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews