25 C
Phnom Penh
Saturday, December 21, 2024

កម្ពុជាមានផ្ទៃដីព្រៃជាង៤៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស រាប់ទាំងដីចម្ការកៅស៊ូ ដូងប្រេង និងដំណាំហូបផ្លែ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា តាមការវាយតម្លៃធនធានគម្របដីព្រៃឈើឆ្នាំ២០១៨ ជាលទ្ធផលចុងក្រោយនេះបង្ហាញថា ផ្ទៃដីព្រៃឈើមានប្រមាណ​៨.៥១០.៨០៧​ហិកតា ស្មើនឹង៤៦,៨៦%  ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស (លទ្ធផលនៃការវាយ តម្លៃនេះរួម បញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង និងដំណាំហូបផ្លែដទៃទៀត)។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រកាសជាផ្លូវការនូវរបាយការណ៍ស្តីពីស្ថានភាពបរិស្ថានជាតិលើកទី៤ និងលទ្ធផលនៃការសិក្សាវាយតម្លៃធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

លោកបានថ្លែងថា របាយការណ៍ស្រាវជ្រាវទាំង២នេះ ជាសមិទ្ធផលថ្មីបន្ថែមទៀតដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ របាយការណ៍ស្ថានភាពបរិស្ថានជាតិ ពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជាដែលត្រូវបានរៀបចំឡើងប្រកបដោយខ្លឹមសារ ទិន្នន័យច្បាស់លាស់ និងគុណភាព ហើយត្រូវបានចងក្រងឡើង ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងត្រូវបានទទួលស្គាល់ប្រើប្រាស់ដោយគ្រប់មជ្ឈដ្ឋាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន ដោយមានកិច្ចសហការពីអង្គការUNDP និងអង្គការFAO បានផលិតរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤នេះឡើង ក្នុងគោលបំណងដើម្បីសង្ខេបអំពីស្ថានភាពបច្ចុប្បន្ន និង​និន្នាការនៃបរិស្ថាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្របន្តទៀតដល់ការអភិវឌ្ឍក្របខ័ណ្ឌស្ថាប័ន និងក្របខណ្ឌគោលនយោបាយថ្នាក់ជាតិដ៏រឹងមាំ ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) របស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img