26 C
Phnom Penh
Friday, December 27, 2024

កំណើនកុងតឺន័រ ឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ជាមធ្យមប្រចាំឆ្នាំ មានចម្លោះពី១៥ទៅ១៨ភាគរយ ទោះបីមានវិបត្តិកូវីដ-១៩ ក៏ដោយ

ភ្នំពេញ ៖ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានមានប្រសាសន៍បញ្ជាក់ថា កំណើនកុងតឺន័រឆ្លងកាត់ កំពង់ផែស្វយ័តភ្នំពេញ ជាមធ្យមប្រចាំឆ្នាំ មានចម្លោះពី១៥ទៅ១៨ភាគរយ។ 

លោកបន្ថែមថា ជាក់ស្តែង នៅឆ្នាំ២០១៩ បរិមាណកុងតឺន័រឆ្លងកាត់ មានចំនួនជាង២៨ម៉ឺន (២៨១,០៤៣) TEUs និងនៅឆ្នាំ២០២០ មានចំនួនជាង២៩ម៉ឺន (២៩០,៨៥៧) TEUs ទោះបីជាមានវិបត្តិ ដែលកើតឡើងដោយសារជំងឺកូវីដ-១៩ ក៏ដោយ។

លោកប្រធានអគ្គនាយក បានបញ្ជាក់ដែរថា បរិមាណនេះ ឈានជិតដល់សមត្ថភាពផ្ទុកកុងតឺន័រសរុប នៃចំណតផែកុងតឺន័រ LM១៧​ ជំហានទី១ និងទី២ នាំឲ្យមានតម្រូវការធ្វើការ ពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៃចំណតផែនកុងតឺន័រ LM១៧។

ការលើកឡើងនេះ លោក ហ៊ឺ បាវី បានធ្វើឡើងក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែនកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហ៊ឺ បាវី បានឲ្យដឹងដែរថា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការរីកចម្រើន ប្រកបដោយនិរន្តភាព នៃអាជីវកម្ម របស់កំពង់ផែស្វយ័តភ្នំពេញ ក្រៅពីគម្រោងអភិវឌ្ឍន៍ទីលាន នៅចំណតផែកុងតឺន័រ LM១៧ កំពង់ផែស្វយ័តភ្នំពេញ បាននឹងកំពុងរៀបចំគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះរួមទាំងគម្រោងអភិវឌ្ឍន៍ចំណត ផែរណបតាមដងទន្លេ ចំនួន៧ទីតាំងផងដែរ។

គម្រោងចំណតផែរណបនោះរួមមាន៖ ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផែរណបពហុបំណង TS១១, ចំណតផែរពហុបំណងព្រែកអញ្ចាញ (UM១), ចំណតផែរណបពហុបំណងទន្លេបិទ (UN២), ចំណតផែនរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img