ស្តាប់អត្ថបទជាសម្លេង
ពោធិ៍សាត់៖ ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើពិធីផ្តល់ធាតុចូល សម្រាប់ចែកជូនក្រុមបណ្តុំអាជីវកម្មចិញ្ចឹមត្រីក្នុងតង់ផ្លាស្ទិកចំនួន៤០គ្រួសារ ចំនួន០២ទីតាំង(ក្នុង០១ទីតាំងចំនួន ២០គ្រួសារ) ដោយក្នុងគ្រួសារ ទទួលបានតង់១ដុំ និងស្បៃរុំស្រះ ២ដុំ ដែលឧបត្ថមថវិកាដោយកម្មវិធីASPIRE ឆ្នាំ២០២១ នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ បានជំរញឱ្យសមាជិកបណ្តុំអាជីវកម្មចំនួន៤០ គ្រួសារ យកចិត្តទុកដាក់ការងារផលិតកម្មចិញ្ចឹមត្រីអណ្តែង ដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ហើយក្នុងករណីមានបញ្ហាត្រូវទំនាក់ទំនងជាមួយជំនាញខណ្ឌរដ្ឋបាលជលផល ឬមន្ទីរកសិកម្មជួយដោះស្រាយទាន់ពេលវេលា។ ក្រៅពីការចិញ្ចឹមត្រី លោកសុំឱ្យបងប្អូនមានគំនិតឆ្នៃប្រឌិតគួបផ្សំបន្ថែមទៀតដូចជាដាំបន្លែរយៈពេលខ្លី ឆាប់បានប្រមូលផល និងចិញ្ចឹមមាន់ ទា ជាដើម ដោយអនុវត្តផ្ទាល់ផង រៀនសូត្រអំពីបច្ចេកទេសសាមញ្ញៗផងសម្រាប់លើកកំពស់ជីវភាពគ្រួសារ ពិសេសក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលយើងមិនអាចចេញទៅប្រកបមុខរបរឆ្ងាយយពីផ្ទះបាន នោះក៏យើងអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបានផងដែរ។
ជាមួយគ្នានេះ លោក ហៃ ធូរ៉ា បានក្រើនរំលឹកសូមឱ្យបងប្អូនថែរក្សាសុខភាព និងអនុវត្តជាប្រចាំនូវវិធានការសុខាភិបាល និងប្រសាសន៍ដ៍ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ ដើម្បីគ្រួសារយើង និងសហគមន៍យើងគ្មានជំងឺកូវីដ-១៩៕
អត្ថបទ និងរូបភាពដោយ៖ Puthi News