28 C
Phnom Penh
Sunday, December 22, 2024

អាជ្ញាធរកូឡុំប៊ីចាប់បានថ្នាំញៀនប្រភេទកូកាអ៊ីន​ ២,៤តោន​ មានតម្លៃ​ប្រមាណ ៨០លានដុល្លារ

ស្តាប់អត្ថបទជាសម្លេង

ប្រតិបត្តិការរួមគ្នាមួយ ដែលធ្វើឡើងដោយទាហាន​ និងកងកម្លាំងទ័ពអាកាសរបស់ប្រទេសកូឡុំប៊ីបានរឹបអូសបានថ្នាំញៀនប្រភេទកូកាអ៊ីនចំនួន​ ២,៤តោន​ ពីទូកមួយគ្រឿង​ និងបានចាប់ខ្លួនមនុស្ស០៥នាក់នៅក្នុងប្រតិបត្តិការបង្ក្រាបនៅលេីផ្ទៃសមុទ្រកាលពីថ្ងៃសៅរ៍។ 

អាជ្ញាធរបាននិយាយថា​ ថ្នាំញៀនដែលត្រូវបានរឹបអូសបាននៅជិតកោះ​ សានអានដ្រេស (San Andres) នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីបនេះ​ មានគោលដៅដឹកជញ្ជូនចូលទៅក្នុងតំបន់អាមេរិកកណ្តាលដោយទូកល្បឿនលឿន។ 

រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ីបាននិយាយថា​ ការបង្ក្រាបនេះធ្វេីឱ្យក្រុមជួញដូរគ្រឿងញៀនឈ្មោះ​ ហ្គូវគ្លេន​ (Gulf Clan) ខាតបង់ប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក។ 

បេីទោះបីជាមានការប្រយុទ្ធប្រឆាំងនឹងការជួញដូរថ្នាំញៀនអស់ជាច្រើនទសវត្សរ៍មកហេីយក៏ដោយ​ ក៏កូឡុំប៊ីនៅតែជាប្រទេសដែលផលិតកូកាអ៊ីនច្រេីនបំផុតមួយនៅលើពិភពលោក​ ហើយបានប្រឈមមុខនឹងការដាក់សម្ពាធជាប្រចាំពីអាមេរិកដើម្បីឱ្យកាត់បន្ថយផលិតកម្មថ្នាំញៀនប្រភេទនេះដែលជាប្រភពហិរញ្ញវត្ថុនៅក្នុងជម្លោះប្រដាប់អាវុធផ្ទៃក្នុងនៅកូឡុំប៊ី។ 

កាលពីឆ្នាំ២០២០​ កងកម្លាំងសន្តិសុខកូឡុំប៊ីបានបំផ្លាញដេីមកូកានៅលេីផ្ទៃដីប្រហែល ១៣ម៉ឺនហិកតា និងរឹបអូសបានថ្នាំញៀនប្រភេទកូកាអ៊ីនប្រមាណ ៥០៥តោន។ 

ក្រុមឧទ្ទាមឆ្វេងនិយម ក្រុមឧក្រិដ្ឋជន​ និងអតីតក្រុមទាហានប៉ារ៉ាស្តាំនិយមរបស់កូឡុំប៊ីសុទ្ធតែចូលរួមក្នុងការផលិត​ និងដឹកជញ្ជូនថ្នាំញៀនទៅអតិថិជនដែលភាគច្រើនស្ថិតនៅក្នុងតំបន់អាមេរិកខាងជើង​ និងអឺរ៉ុប៕ 

ត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img
spot_img