ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ ក្មេងប្រុសចំនួន ២នាក់ ដែលជាបងប្អូនជីដូនមួយ បាននាំគ្នាទៅស្ទូចត្រីនៅវាលស្រែ បែរជានាំគ្នាចុះទៅងូតទឹកប្រឡាយ បណ្ដាលឱ្យលង់ទឹកស្លាប់ទាំង២នាក់ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវរថភ្លើងភ្នំពេញ-បាត់ដំបង ស្ថិតនៅក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់ ឈ្មោះ ហ័រ អាយុ៦ឆ្នាំ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយបានមកលេងផ្ទះបងប្អូនជីដូនមួយនឹងជនរងគ្រោះឈ្មោះ សេង ហុង អាយុ៧ឆ្នាំ។ ដោយទីតាំងកេីតហេតុមានជម្រៅប្រមាណជាង៣ម៉ែត្រដែលអាជ្ញាធរទើបតែកាយស្ដាររួចថ្មីៗ ដើម្បីរំដោះទឹកកុំឱ្យលិចលង់ស្រូវ និងភូមិឋាននៅតំបន់នោះ។
នៅមុនពេលកើតហេតុ ឪពុកម្ដាយបានជាប់រវល់ទៅរកស៊ី ហើយបានទុកឱ្យក្មេងប្រុសទាំង២នាក់នៅជាមួយបងស្រីម្នាក់ទៀតអាយុ១០ឆ្នាំ ប៉ុន្តែដោយបងស្រីជាប់រវល់ទៅរៀន ទើបក្មេងប្រុសរងគ្រោះនៅផ្ទះតែ២នាក់។ លុះដល់វេលាម៉ោង១រសៀល ថ្ងៃកើតហេតុបាននាំគ្នាទៅស្ទូចត្រីនៅត្រង់ចំណុចខាងលើ ស្ថិតនៅចម្ងាយប្រមាណជាង៥០ម៉ែត្រប៉ុណ្ណោះ ក៏ស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញសោះ។ ភ្លាមនោះដោយសារតែមានការងឿងឆ្ងល់ អ្នកជិតខាងបាននាំគ្នាទៅរកមើល ហើយបានប្រទះឃើញស្បែកជើង២គូនៅមាត់ប្រឡាយ។
បន្ទាប់មកប្រជាពលរដ្ឋនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងយកអួនទៅអូស និងបង់សំណាញ់ ស្រាប់តែជាប់ក្មេងប្រុសឈ្មោះ ហ័រ ដែលជាប្អូនមុន។ ចំណែកឯក្មេងប្រុសឈ្មោះ ហុង ដែលត្រូវជាបងប្រុសជីដូនមួយ រហូតដល់វេលាម៉ោង៨យប់ ថ្ងៃដដែលមិនទាន់រកឃើញនៅឡើយទេ ទេីបអ្នកភូមិ និងអាជ្ញាធរបាននាំត្រឡប់ទៅផ្ទះសិន រង់ចាំថ្ងៃបន្ទាប់ទើបរាវរកសពជនរងគ្រោះបន្តទៀត៕
អត្ថបទ និងរូបភាពដោយះ Puthi News