26 C
Phnom Penh
Friday, December 27, 2024

សមាគមចំនួនពីរ ប្តេជ្ញាសហការគ្នារួមចំណែកជាមួយរាជរដ្ឋាភិបាល ជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន តាមរយៈការលើកម្ពស់ចំណេះដឹង ក្នុងការប្រើប្រាស់ប្រព័ន្ឋបច្ចេកវិទ្យា ក្នុងវិស័យដឹកជញ្ជូន

 

  ភ្នំពេញ ៖ សមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្តេជ្ញាសហការគ្នា ចូលរួមចំណែកជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពរីកចម្រើនបន្ថែមទៀត តាមរយៈការលើកកម្ពស់ចំណេះដឹង ក្នុងវិស័យទាំងពីរដល់សមាជិក និងសិក្ខាកាម ធ្វើយ៉ាងណាពន្លឿនការដឹកជញ្ជូនតាមកម្មវិធី App ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យកម្ពុជា ដើរទាន់តាមបច្ចេកវិទ្យាទំនើបនេះ។

  ការប្តេជ្ញាចិត្តនេះបានធ្វើឡើង ក្នុងឱកាសដែលសមាគមទាំងពីរ បានកិច្ចព្រមព្រៀងចុះអនុស្សារណៈ សហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង ក្នុងវិស័យទាំងពីរ ដល់សមាជិក សិក្ខាកាម ដោយការអភិវឌ្ឍចំណេះដឹង ដល់សហគ្រាសធនតូច មធ្យម ក្រុមហ៊ុន សមាគម សហគមន៍ ក្នុងការប្រើប្រាស់ប្រព័ន្ឋបច្ចេកវិទ្យា ក្នុងវិស័យឡូជីស្ទ៊ីក និងដឹកជញ្ជូន។ នេះបើតាមការលើកឡើង ពីលោកជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានប្រាប់ Puthinews នាថ្ងៃទី៦ ខែកញ្ញានេះ។

  លោកបានបន្ថែមថា «ការចុះអនុស្សារណៈនេះ សមាគមទាំងពីរយល់ឃើញថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ត្រូវបានដើរតួយ៉ាងសំខាន់ ដល់វិស័យឡូជីស្ទ៊ីកនិងដឹកជញ្ជូន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

  ភាគីទាំងពីរ បានឯកភាពយល់ព្រម សហការគ្នា ដោយជំរុញឲ្យមានការផ្សព្វផ្សាយរាល់ប្រតិបត្តិការ ក្នុងកម្មវិធីផ្សេងៗ ទៅដល់សមាជិក សមាគម បច្ចេកវិទ្យា ឌីជីថល កម្ពុជា និងសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងជំរុញឲ្យមានការចូលរួមស្វែងយល់ ពីវិស័យបច្ចេកវិទ្យា ឌីជីថល និង ឡូជីស្ទ៊ីក ឲ្យយល់កាន់តែច្បាស់ ដើម្បីរៀបចំប្រព័ន្ឋគ្រប់គ្រងឡូជីស្ទ៊ីក តាមបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ និងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់សមាជិក ឬមិនមែនជាសមាជិក។

  លោក ជា ចាន់ដារ៉ា បានឲ្យដឹងដែរថា សមាគមទាំងពីរ នឹងចូលរួមជួយជ្រោមជ្រែង និងផ្សព្វផ្សាយពីសេវាកម្ម បច្ចេកវិទ្យា ឌីជីថល និងឡូជីស្ទ៊ីកនៅក្នុងស្រុក ជូនគ្នាទៅវិញទៅមក ដើម្បីបង្កើនទីផ្សារ ដែលឈានទៅដល់ការពង្រីកអាជីវកម្ម ទៅក្រៅប្រទេស នៃសមាជិកនាពេលអនាគត និងចូលរួមសហការជួយដល់វិស័យ សហគ្រាស ធនតូច និងមធ្យមឲ្យយល់ដឹង ក្នុងការដាក់លក់ទំនិញ តាមទីផ្សារអនឡាញ និងការដឹកជញ្ជូនក្នុងកញ្ចប់រួម (Consolidate Packages) ដែលអាចផ្តល់តម្លៃសមរម្យ និងការបញ្ចុះតម្លៃពី៥ភាគរយ ទៅ១០ភាគរយ ឬអាស្រ័យទៅលើស្ថានភាពជាក់ស្តែង។

  ក្រៅពីនោះក៏មាន ការចូលរួមសហការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ជូនដល់សិក្ខាកាម ដោយបង្កើតឲ្យមានកម្មវិធីសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ហើយភាគីទាំងពីរ អាចស្នើសុំវាគ្មិន ឬគ្រូបង្គោល ពីគ្នាទៅវិញមក ក្នុងករណីចាំបាច់មានតម្រូវការ ដោយកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មានសុពលភាពរយៈពេល២ឆ្នាំ រួមទាំងការបេ្តជ្ញាចិត្ត ឲ្យមានប្រសិទ្ធិភាពផងដែរ៕

អត្ថបទ និងរូបភាពដោយះ Puthinews

អានបន្ត

spot_img
spot_img