មន្ត្រីនាំពាក្យឲ្យអង្គការសហប្រជាជាតិបាននិយាយថា នៅក្នុងកិច្ចប្រជុំជាមួយប្រធានផ្នែកផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងកាប៊ុល ក្រុមតាលីបង់បានសន្យាធានាសុវត្ថិភាពដល់បុគ្គលិកផ្ដល់ជំនួយ និងធានាឲ្យមានការទទួលបានជំនួយមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក ម៉ាទីនហ្គ្រីហ្វីត (Martin Griffiths) ប្រធានផ្នែកផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិបានទៅដល់រដ្ឋធានីកាប៊ុល កាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចប្រជុំជាច្រើនថ្ងៃជាមួយថ្នាក់ដឹកនាំក្រុមតាលីបង់ ក្នុងគ្រាដែលវិបត្តិមនុស្សជាតិកំពុងកើតឡើងនៅក្នុងប្រទេសមួយនេះដែលទេីបតែបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។
សេចក្តីថ្លែងការណ៍របស់មន្ត្រីនាំពាក្យឲ្យអង្គការសហប្រជាជាតិបានលេីកឡេីងថា «អាជ្ញាធរបានសន្យាថាសុវត្ថិភាពនិងសន្តិសុខរបស់បុគ្គលិកផ្ដល់ជំនួយមនុស្សធម៌ និងការផ្ដល់ជំនួយទៅដល់មនុស្សដែលកំពុងត្រូវការជំនួយនឹងត្រូវបានធានា ហើយបុគ្គលិកផ្ដល់ជំនួយទាំងបុរស និងស្ត្រីនឹងត្រូវបានធានានូវសេរីភាពក្នុងការធ្វើដំណើរ»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក ហ្គ្រីហ្វីតបានបញ្ជាក់ម្តងទៀតនៅក្នុងកិច្ចប្រជុំនោះថា សហគមន៍ផ្ដល់ជំនួយមនុស្សធម៌បានប្តេជ្ញាផ្តល់ «ជំនួយមនុស្សធម៌ដោយមិនលំអៀងនិងឯករាជ្យ»។
លោកក៏បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ធានានូវសិទ្ធិ និងសុវត្ថិភាពរបស់ស្ត្រីទាំងអ្នកដែលរួមចំណែកក្នុងការផ្តល់ជំនួយ និងពលរដ្ឋស៊ីវិល។
សូមបញ្ជាក់ថា សេរីភាពរបស់ស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានកាត់បន្ថយយ៉ាងខ្លាំងក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ពីឆ្នាំ១៩៩៦ដល់២០០១៕
អត្ថបទ និងរូបភាពដោយះ Puthinews