ស្តាប់អត្ថបទជាសម្លេង
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមសម្អាតប្រាសាទឥដ្ឋតូចៗ ដែលនៅព័ទ្ធជុំវិញប្រាសាទបាគង សំដៅលើកកម្ពស់សោភ័ណភាពកេរ្តិ៍មរតកបុព្វបុរសខ្មែរនេះឡើងវិញ។
អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោកឡុង កុសល បានឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២១នេះថា នៅជុំវិញប្រាសាទបាគងនេះ មានប្រាសាទដែលធ្វើអំពីឥដ្ឋតូចៗចំនួន២៤ ដែលមានខ្លះក៏នៅរក្សារូបរាងបានល្អ ខណៈខ្លះទៀតបានខូចខាតសល់តែគ្រឹះ។ លោកបន្តថា ដើម្បីលើកកម្ពស់ស្នាដៃកេរ្តិ៍មរតករបស់បុព្វបុរសខ្មែរឱ្យមានសោភណភាពឡើងវិញ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការសម្អាតនៅតាមតួប្រាសាទតូចៗ ទាំងនេះ ដូចជាការបោសស្លឹកឈើដែលជ្រុះរាយប៉ាយ កាត់ស្មៅ កាត់មែកឈើដែលដុះគ្របលើប្រាសាទ និងរៀបចំសម្រួលផ្លូវដើរជាដើម។
សូមជម្រាបថា ប្រាសាទបាគង ជាប្រាសាទមួយក្នុងចំណោមប្រាសាទមួយចំនួនទៀត ដែលស្ថិតនៅក្នុងក្រុមប្រាសាទឧទ្យានរលួស នៃរមណីយដ្ឋានអង្គរ។ ប្រាសាទនេះស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
អត្ថបទ និងរូបភាពដោយ៖ Puthi News