ទិន្នន័យផ្លូវការបានបង្ហាញនៅសប្តាហ៍នេះថាការនាំចូលប្រេងឆៅរបស់ប្រទេសចិនពីប្រទេសរុស្ស៊ី ដែលជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏បំផុតមួយបានធ្លាក់ចុះ ៧,៤ភាគរយក្នុងខែកក្កដាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ ស្របគ្នាទៅនឹងការធ្លាក់ចុះយ៉ាងទូលំទូលាយនៃការទិញប្រេងរបស់រោងចក្រចម្រាញ់ប្រេងចិនដោយសារការធ្លាក់ចុះតម្រូវការប្រេងក្នុងស្រុក។ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា យោងតាមទិន្នន័យពីរដ្ឋបាលទូទៅគយចិន ការនាំចូលប្រេងពីរុស្ស៊ី រួមទាំងការនាំចូលតាមរយៈបំពង់បង្ហូរប្រេង និងការដឹកជញ្ជូន សរុបមានចំនួន ៧,៤៦លានតោនកាលពីខែមុន ឬស្មើនឹង១,៧៦លានបារ៉ែលក្នុងមួយថ្ងៃ (bpd)។
បរិមាណនេះធៀបនឹងការនាំចូលចំនួន ២,០៥លានបារ៉ែលក្នុងមួយថ្ងៃ នៅខែមិថុនាឆ្នាំនេះ និង ១,៩លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែកក្កដា ឆ្នាំ២០២៣។ ការនាំចូលសរុបក្នុងខែកក្កដា របស់ប្រទេសចិនដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ដោយសារប្រាក់ចំណេញពីការកែច្នៃប្រេងទាប និងតម្រូវការប្រេងឥន្ធនៈទាប បានរារាំងប្រតិបត្តិការនៅរោងចក្រចម្រាញ់រដ្ឋ និងរោងចក្រឯករាជ្យ។ ការនាំចូលប្រេងពីអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផ្គត់ផ្គង់ប្រេងធំទី ២របស់ចិន មានចំនួនសរុប៦,៤១លានតោន ឬ ១,៥១លានបារ៉ែលក្នុងមួយថ្ងៃ កើនឡើង ១៣ភាគរយធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New