26 C
Phnom Penh
Friday, December 27, 2024

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅហៃទីកេីនឡេីងជិតដល់ ២ពាន់នាក់

មនុស្សយ៉ាងហោចណាស់ចំនួន ១.៩៤១នាក់បានស្លាប់នៅក្នុងប្រទេសហៃទីដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃសៅរ៍  ដែលតួលេខនេះបានកើនឡើងជាង ៥០០នាក់បើធៀបនឹងតួលេខកាលពីថ្ងៃអង្គារ។ 

មនុស្សជិត ១ម៉ឺននាក់បានរងរបួស  ហើយមនុស្សជាច្រើនកំពុងបាត់ខ្លួននៅឡេីយបន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,២រ៉ិចទ័រនោះ។ 

មន្ទីពេទ្យមួយចំនួនត្រូវបានជោរជន់ដោយអ្នករងរបួស  និងកំពុងត្រូវការបរិក្ខារពេទ្យជាបន្ទាន់  ក្នុងគ្រាដែលក្រុមគ្រូពេទ្យកំពុងតស៊ូព្យាបាលអ្នករបួស។ 

ប្រតិបត្តិការជួយសង្គ្រោះត្រូវបានបង្អាក់ដោយភ្លៀងធ្លាក់ខ្លាំង បណ្ដាលមកពីព្យុះត្រូពិក ហ្គ្រេស  (Grace) ដែលបានវាយប្រហារប្រទេសហៃទីក្នុងសប្ដាហ៍នេះ។  

មនុស្សរាប់ម៉ឺននាក់ដែលបានបាត់បង់ផ្ទះសម្បែងដោយសារការរញ្ជួយដីនេះ  ត្រូវសម្រេចចិត្តថាតើត្រូវជ្រកនៅក្រោមតង់កៅស៊ូ  ឬត្រូវប្រថុយជីវិតវិលត្រឡប់ចូលទៅជ្រកក្នុងអគារដែលរងការខូចខាតដោយសារការរញ្ជួយ ដី។ 

ភាគនិរតីនៃប្រទេសហៃទីគឺជាតំបន់ដែលទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេបំផុតពីការរញ្ជួយដី  ជាពិសេសនៅជុំវិញទីក្រុង ឡេខេ  (Les Cayes)។ 

គួរកត់សម្គាល់ថា  ការរញ្ជួយដីនេះបានបង្កជាបញ្ហាថែមទៀតដល់ប្រទេសប្រទេសក្រីក្រហៃទីដែលកំពុងរងគ្រោះស្រាប់ទៅហេីយពីវិបត្តិនយោបាយ  បន្ទាប់ពីមានការធ្វើឃាតប្រធានាធិបតីរបស់ខ្លួនកាលពីខែមុន។ 

នាយករដ្ឋមន្រ្តីហៃទី  លោក  អេរៀល  ហេនរី  (Ariel Henry) ដែលកំពុងកាន់អំណាចបណ្ដោះអាសន្នទម្រាំមានការបោះឆ្នោតប្រធានាធិបតីថ្មី  បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែ  ហើយបានជំរុញឱ្យពលរដ្ឋ «សាមគ្គីភាពគ្នា»  ក្នុងគ្រាលំបាកនេះ៕

អត្ថបទ នឹង រូបភាព Puthi News

អានបន្ត

spot_img
spot_img