ស្តាប់អត្ថបទជាសម្លេង
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតឺរ៉េស (Antonio Guterres) កាលពីថ្ងៃចន្ទ បានថ្លែងថា «ពិភពលោកកំពុងតាមដាន» ស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងអំឡុងពេលប៉ុន្មានថ្ងៃ «ដ៏សំខាន់» នេះ។
ជាមួយគ្នានោះដែរ លោកក៏បានអំពាវនាវឲ្យក្រុមតាលីបង់អនុវត្តវិធានការ «អត់ធ្មត់ឲ្យបានជាដាច់ខាត» ដើម្បីការពារអាយុជីវិតពលរដ្ឋអាហ្វហ្គានីស្ថាន និងដើម្បីអនុញ្ញាតឲ្យជំនួយអាចបានទៅដល់ក្រុមពលរដ្ឋដែលកំពុងត្រូវការជំនួយជាបន្ទាន់។
លោក ហ្គោតឺរ៉េស បាននិយាយដូច្នេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយលោកបានបន្ថែមថា «យើងមិនអាច និងមិនត្រូវបោះបង់ចោលពលរដ្ឋអាហ្វហ្គានីស្ថានជាដាច់ខាត»។
ការថ្លែងរបស់ លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានដួលរលំក្រោយពីក្រុមបះបោរតាលីបង់បានវាយដណ្តើមបានការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានបានទាំងស្រុងមក។
លោក ហ្គោតឺរ៉េស បាននិយាយថា «ខ្ញុំសូមអំពាវនាវឲ្យមានការបញ្ចប់អំពើហិង្សាជាបន្ទាន់, គោរពសិទ្ធិរបស់ពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ ហើយឲ្យប្រទេសអាហ្វហ្គានីស្ថានអនុវត្តតាមកិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ដែលខ្លួនជាសមាជិក»។
មនុស្សប្រហែល ១៨លាននាក់ដែលត្រូវជាពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជាក្រុមដែលត្រូវការជំនួយជាបន្ទាន់ តាំងពីមុនក្រុមតាលីបង់ត្រឡប់មកកាន់អំណាចវិញមកម៉្លេះ។
ភាពភ័យខ្លាចកំពុងកើនឡើងកាន់តែខ្លាំង ដែលថាអាចនឹងមានវិបត្តិមនុស្សជាតិធ្ងន់ធ្ងរនៅក្នុងប្រទេសមួយនេះ៕
អត្ថបទនឹងរូបភាព ដោយ Puthi news