28 C
Phnom Penh
Wednesday, December 4, 2024

អាល្លឺម៉ង់ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយ កម្ពុជា

លោក Stefan Anton Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។

ការប្ដេជ្ញារបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ថ្មីនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែតុលា ក្នុងជំនួបពិភាក្សាការងារជាមួយលោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅទីស្ដីការក្រសួង។

ក្នុងជំនួបនោះឯកអគ្គរដ្ឋទូត សហព័ន្ធអាល្លឺម៉ង់សម្ដែង នូវការអបអរសាទរ ដល់រាជរដ្ឋាភិបាល កម្ពុជាដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរជំរុញឱ្យកម្ពុជអាចបើក ដំណើរការប្រទេសឡើងវិញ ទាំងសេដ្ឋកិច្ច និងសង្គមតាំងពី ខែវិច្ឆិកា ឆ្នាំ២០២១។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់មន្ត្រីការទូតអាល្លឺម៉ង់ទាំងអស់ និងប្រជាជនអាល្លឺម៉ង់ដែលកំពុងរស់នៅកម្ពុជាដោយឥតគិតថ្លៃ។

ឯកអគ្គរដ្ឋទូតក៏បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរជាពិសេសវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាលបានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ ការរឹតចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី រវាងប្រទេសទាំងពីរកម្ពុជា-អាល្លឺម៉ង់។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ភាគីអាល្លឺម៉ង់ ចំពោះកិច្ចសហការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩។

លោក ដ្ឋមន្ត្រីរំឭកថា រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់បានផ្តល់ជំនួយដល់វិស័យសុខាភិបាល តាំងពីឆ្នាំ១៩៩៤ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KW) រួមមាន ៖ ១) ហិរញ្ញប្បទាន សហប្រតិបត្តិការ ដូចជា ៖ គម្រោងផ្គត់ផ្គង់ ឱសថ សារវ័ន្ត គម្រោងសុខភាពបន្តពូជ គម្រោងគាំពារសុខភាពសង្គម ហើយបាន និងកំពុងចូលរួម ចំណែកក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌ សុខាភិបាល ដំណាក់កាលទី ១ និង ទី ២ និង គម្រោងអាហារូបត្ថម្ភ នៅកម្ពុជា និង ២) ជំនួយបច្ចេកទេសដូចជា ៖ ការអភិវឌ្ឍ ធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល គម្រោងគាំពារ សុខភាពសង្គម និង គម្រោងសុខភាពមាតា និងទារក៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img