ការិយាល័យស្ថិតិជាតិចិន នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ផលិតកម្មឧស្សាហកម្មរបស់ចិនបានកើនឡើង ៦,៤%នៅក្នុងខែកក្កដា។
តួលេខនេះទាបជាងការព្យាកររបស់ក្រុមអ្នកវិភាគដែលបានរំពឹងថា ផលិតកម្មឧស្សាហកម្មរបស់ចិននឹងមានកំណេីន ៧,៨% និងទាបជាងកំណើន ៨,៣%ដែលបានកត់ត្រាកាលពីខែមុន។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញដល់កម្រិតកំណើនមុនពេលមានការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩ ប៉ុន្តែការស្ទុះងេីបឡេីងវិញនេះកំពុងថមថយកម្លាំង ដោយសារអាជីវកម្មនានាកំពុងប្រឈមមុខនឹងថ្លៃដេីមខ្ពស់ និងការកកស្ទះក្នុងការផ្គត់ផ្គង់។
ករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ នៅក្នុងខែកក្កដា ក៏បាននាំឱ្យមានការដាក់ចេញនូវវិធានការរឹតបន្តឹងថ្មីៗផងដែរ ដែលនេះបានបង្កការរំខានទៅដល់ទិន្នផលរបស់រោងចក្រនៅក្នុងប្រទេសចិនដែលរងគ្រោះរួចទៅហេីយដោយសារអាកាសធាតុអាក្រក់នៅរដូវក្តៅនេះ។
អ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិនបាននិយាយថា ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចរបស់ចិននៅតែមិនទាន់ស្មើគ្នាទេដោយសារការផ្ទុះឡើងនៃករណីឆ្លងរប៉េះរប៉ោះរបស់វីរុសកូវីដ-១៩ និងគ្រោះធម្មជាតិ។
ប្រទេសចិនបានរឹតបន្តឹងសកម្មភាពសង្គមដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃករណីឆ្លងវីរុសកូវីដ-១៩ នាពេលថ្មីៗនេះនៅក្នុងទីក្រុងមួយចំនួន ដោយបានប៉ះពាល់ដល់វិស័យសេវាកម្មជាពិសេសការធ្វើដំណើរ និងបដិសណ្ឋារកិច្ចនៅក្នុងប្រទេស៕
អត្ថបទនិងរូបភាពដោយ៖ Puthi News