បណ្តារដ្ឋបាល់ទិក និងប្រទេសប៉ូឡូញ កំពុងអង្វរដល់សហរដ្ឋអាមេរិក ឱ្យពន្លឿនការចែកចាយសព្វាវុធ និងពង្រីកវត្តមានកងទ័ពអាមេរិក នៅក្នុងប្រទេសរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Washington Post កាលពីចុងសប្តាហ៍។
យោងតាមប្រភពដដែល, ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យប្រទេសប៉ូឡូញ អេស្តូនី ឡាតវី និងលីទុយអានី ភ័យខ្លាចថា ពួកគេនឹងជិតត្រូវគេវាយប្រហារហើយ។
លោក Kusti Salm អគ្គលេខាធិការនៃក្រសួងការពារជាតិអេស្តូនី បាននិយាយថា “ប្រព័ន្ធបាញ់រ៉ុកកែត HIMARS, យន្តហោះគ្មានមនុស្សបើក Reapers និងរ៉ាដាស្ទាក់ចាប់មីស៊ីល៖ ទាំងនេះ គឺជាអ្វីដែលយើងត្រូវការជាទីបំផុត ទាក់ទងនឹងថាមពលដ៍ខ្លាំងក្លាខាងយោធា ដើម្បីទប់ទល់នឹងរុស្ស៊ី”។
ចំណែក រដ្ឋមន្ត្រីការពារជាតិឡាតវី លោក Artis Pabriks ថ្មីៗនេះ បានប្រាប់អ្នកកាសែត Washington Post ថា រដ្ឋាភិបាលទីក្រុងរីហ្គា ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុបន្ថែម ដើម្បីទិញសព្វាវុធថ្មី និងដើម្បីពង្រឹងការការពារដែនអាកាស និងឆ្នេរសមុទ្ររបស់ខ្លួន។
ទន្ទឹមនោះ មន្ត្រីប៉ូឡូញក៏បានជំរុញឱ្យសហរដ្ឋអាមេរិក ពន្លឿនការដឹកជញ្ជូនអាវុធដែលបានសន្យាទៅឱ្យទីក្រុង វ៉ាសូវី ផងដែរ។ ប៉ូឡូញ ក៏កំពុងរង់ចាំប្រព័ន្ធបាញ់មីស៊ីល Patriot, HIMARS, យន្តហោះចម្បាំង F-16 និងរថក្រោះ Abrams ផងដែរ ដែលអាវុធទាំងអស់នេះ ត្រូវអាមេរិកកំណត់ផ្តល់ឲ្យខ្លួនមុនពេលការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ចាប់ផ្តើមទៅទៀត។
ស្ថានទូតប៉ូឡូញប្រចាំនៅសហរដ្ឋអាមេរិក បានលាតត្រដាងកាលពីថ្ងៃទី០៤ ខែសីហាថា “កិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពការពាររបស់ប្រទេសដែលជួយអ៊ុយក្រែនក្នុងសង្គ្រាមកំពុងបន្ត គឺជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំរវាងប្រធានការិយាល័យសន្តិសុខជាតិប៉ូឡូញ Pawel Soloch និង ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden គឺលោក Jake Sullivan”។
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ខ្លួនជាមួយសម្ព័ន្ធមិត្ត NATO នៅអឺរ៉ុបខាងកើត។ កញ្ចប់ចំណាយរបស់សហព័ន្ធឆ្នាំ ២០២២ រួមមានការអនុញ្ញាតជាលើកដំបូងដែលមិនធ្លាប់មានចំនួន ១៨០លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមសន្តិសុខតំបន់បាល់ទិក៕
ដោយ៖ Puthi News
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News