28 C
Phnom Penh
Wednesday, December 4, 2024

ប៊ីចេងបន្លំពាណិជ្ជសញ្ញា និងក្លែងក្លាយ ១៨ តោន ត្រូវដុតបំផ្លាញចោល

ប៊ីចេងសញ្ញារូបវែក ដែលបានក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ដែលត្រូវបានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផល​ក្លែងក្លាយ នៃ​ស្នងការដ្ឋាន​ការ​នគរ​ខេត្តសៀមរាប បានធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ និង​ដកហូត​ ១៨​ តោន កាលពី​ឆ្នាំ​២០១៩ ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតនៅ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។

​តាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន បាន​ឲ្យ​ដឹងផង​ដែរ​ថា វត្ថុតាង​ទាំងនេះ គឺជា​បទល្មើស ក្នុងការ​ក្លែងបន្លំ​ពាណិជ្ជសញ្ញា និងក្លែង​ផលិតផល​ទំនិញ ដោយបាន​រំលោភ​ទៅលើ​សិទ្ធ​បញ្ញា ក្រុមហ៊ុន​ដែល​បានធ្វើការ​ចុះបញ្ជី​នៅ​ក្រសួង​ពាក់ព័ន្ធ។ ម្យ៉ាងទៀត​វត្ថុតាង​ទាំងនេះ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ បានធ្វើការដកហូត​កាលពី​ថ្ងៃទី​១៨ ខែ ធ្នូ ឆ្នាំ​២០១៩ នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​ខេត្តសៀមរាប យកមក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ការសម្រេច​ពី​តុលាការ ក្នុងការ​រៀបចំ​ដុតបំផ្លាញ​ចោល ហើយ​ចំពោះ​បុគ្គល​សង្ស័យ​ក៏ត្រូវ​បាន​បញ្ជូនទៅ​សាលាដំបូង​ផងដែរ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក៏បាន​បន្តទៀតថា ប៊ីចេង​ក្លែងក្លាយ​ទាំង ​១៨​ តោន​នេះ សមត្ថកិច្ច​ក្រុម​ប្រតិបត្តិការ នៃ​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្ដែង បាន​រកឃើញ​មានការ​រក្សាទុក សម្ភារៈ វេច​ខ្ចប់​លក់ និងចែកចាយ​ផលិតផល ដែលជា​កា​របង្ក​នូវ​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង សុវត្ថិភាព​សង្គម ដល់​អ្នកប្រើប្រាស់ ហើយ​ក្រោយពេល​នីតិវិធី​របស់​ស្ថាប័ន​តុលា ការ​បាន​ចប់សព្វគ្រប់​ហើយ ទើប​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ សុំ​ធ្វើ​ការរៀបចំ​ដុត​បំផ្លាញចោល​នៅថ្ងៃនេះ។

លោក​ក៏បាន​បញ្ជាក់ថា រាល់​បទល្មើស​ទាំងអស់ យើ​ង​គ្រប់រូប​ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ក្នុងការ​បង្ក្រាប ទប់ស្កាត់​នូវ​ផលិតផល​ក្លែងក្លាយ ដែល​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ និង មិនបាន​ចុះ​កម្ម​សិទ្ធ​បញ្ញា​នៅ​ក្រសួង ដែល​បានធ្វើ​ចរាចរ​នៅតាម​ទីផ្សារ ឬតាម​ហាងទីកន្លែង​ផ្សេងៗ​ទៀត គឺត្រូវធ្វើ​ការបង្ក្រាប​ឲ្យ​ខាងតែបាន។ ក្នុងនោះ​លោក​ក៏បាន​បញ្ជាក់ទៀតថា គ្រប់​សកម្មភាព បទល្មើស​ទាំងអស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​នៅតែ​ធ្វើការ​បង្ក្រាប​ឲ្យ​ដូច​ភ្លៀង រលឹម ហើយក៏​មិន​ខ្លបខ្លាច​ជនល្មើស​ទាំងនោះ​ឡើយ។

​តាម​ការបញ្ជាក់​របស់​លោក ប៉ុន តារា ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ចំពោះ​ករណី បុគ្គល​ម្ចាស់ផលិតផល​ក្លែងក្លាយ​នេះ ត្រូវបាន​សាលាដំបូង​ខេត្ត ចេញ​សាលក្រម​ដាក់ពន្ធនាគារ​រយៈ​ពេល​ ១ ​ឆ្នាំ។ ក្នុងនោះដែរ​តំណាង​ក្រុមហ៊ុន ដែលជា​អ្នក​ដើមបណ្តឹង បានធ្វើការ​បកស្រាយ​បង្ហាញ នូវ​សារៈសំខាន់ៗ​នៅលើ​កញ្ចប់​ប៊ីចេង​សញ្ញា​រូប​វែក ដើម្បី​ជា​ចំណុច​សម្គាល់​ទៅលើ​ផលិតផល​ក្លែងក្លាយ និងមិន​ក្លែងក្លាយ សម្រាប់​ប្រជាពលរដ្ឋ​យើង​គ្រប់រូប​យកទៅ​ប្រើប្រាស់ ៕
ដោយ៖ ពុទ្ធិញ៉ូស៍

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img