ភ្នំពេញ៖ ទីតាំងអ៊ីនធើណេតជាច្រើនកន្លែង ត្រូវបានសមត្ថកិច្ចមូលដ្ឋានលួចបង្ហើបថា ភាគច្រើនគឺបង្កប់នូវល្បែងស៊ីសង ភ្នាល់បាល់ និងឡាយល្បែងពីកាស៊ីណូស្របច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្តចំពោះភាពព្រងើយកន្តើយរបស់អាជ្ញាធរ និងសមត្ថកិច្ច ខណៈព្រួយបារម្ភទៅនឹងអំពើអសន្តិសុខណាមួយនៅក្នុងសង្គម។
បើតាមសម្តីប្រជាពលរដ្ឋដែលញៀនល្បែងស៊ីសងនេះថា ទីតាំងអ៊ីនធើណេតនេះពីមុនមានយីហោ(365)ឥឡូវដកស្លាកយីហោចេញហើយ ស្ថិតនៅ ផ្ទះលេខ៩៨អឺសូន្យ ផ្លូវលេខ១០៧ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា បានបើកដំណើរការឡើងវិញហើយ ដែលគេសង្ស័យថា សមត្ថកិច្ច និងអាជ្ញាធរ ពាក់ព័ន្ធបានទទួលប្រយោជន៍ប្រចាំខែហើយ ទើបទីតាំងអ៊ីនធើណេតមួយចំនួនបានត្រឹមតែដកស្លាកយីហោ ប៉ុន្តែសកម្មភាពនៅតែបន្តដដែល ទោះបីដំណាក់កាលកូវីដ-១៩ ចាប់ផ្តើមមានអ្នកឆ្លងកើតឡើងវិញបន្តិចក៏ដោយ។
ប្រភពនៃបទល្មើសបានកើតចេញពីទីតាំងបនល្បែងស៊ីសងនេះ ក្នុងនោះសូម្បីតែលោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញបានលើកឡើងផងដែរថា បទល្មើសគឺផ្តើមចេញពីទីតាំងល្បែងស៊ីសង ទីតាំងការធ្វើអាជីវកម្មបញ្ចាំ២៤ម៉ោងលើ២៤ម៉ោង ក្នុងនោះលោកថែមទាំងមានវិធានការ ឲ្យបង្ក្រាបនិងពិនិត្យផ្លូវច្បាប់។
ប្រជាពលរដ្ឋបានលើកឡើងថា ចំណុចខ្លះខ្វះការទទួលខុសត្រូវក្នុងតំណែងពាក់ព័ន្ធទីតាំងបនល្បែងស៊ីសង ពិសេសល្បែងស៊ីសងតាមអ៊ីនធើណេតនេះគឺជាអាជ្ញាធរបានឆ្លើយដាក់សមត្ថកិច្ច ហើយសមត្ថកិច្ចវិញ ទម្លាប់ឆ្លើយដាក់គណៈ បញ្ជាការឯកភាពខណ្ឌ ដោយឡែកសមត្ថកិច្ចនិងអាជ្ញាធរមួយចំនួន ពួកគាត់តែងតែលើកឡើងថា រង់ចាំតែបញ្ជាពីថ្នាក់លើប៉ុណ្ណោះ ។
ប្រសិនបើអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា មិនបានរឹតបន្តឹងជុំវិញបញ្ហាអស់ទាំងនេះទេ បទល្មើសអាចនឹងកើតមាន ករណីចោរកម្ម លួច ឆក់ ប្លន់ ការប្រើប្រាស់គ្រឿងញៀនដោយហេតុថា ទីតាំងអ៊ីនធើណេតខ្លះមិនត្រឹមតែជាកន្លែងល្បែងស៊ីសងប៉ុណ្ណោះទេ បានក្លាយទៅជាទីតាំងដែលក្រុមយុវជនខ្លះចូលទៅលេង និងប្រើប្រាស់គ្រឿងញៀន ក៏ដូចជាចេញធ្វើសកម្មភាពនៅពេលយប់ជាដើមផងដែរ។ ហេតុដូច្នេះ អាជ្ញាធរ និងសមត្ថកិច្ច គួរមានវិធានការបង្ក្រាប ឲ្យស្របតាមទិសស្លោករបស់រាជរដ្ឋាភិបាល លើគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ពីព្រោះថា គ្រប់ទីតាំងវេទិកាសាធារណៈ ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ តែងសំណូមពរឲ្យមានការបង្ក្រាបទីតាំងបនល្បែងស៊ីសង ប៉ុន្តែករណីនេះធ្វើបានដោយកន្លែងៗប៉ុណ្ណោះ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News