29 C
Phnom Penh
Wednesday, January 15, 2025

កម្ពុជាមានផ្សារទំនិញរួចពន្ធ៣ទីតាំងសម្រាប់ឱ្យពលរដ្ឋទិញទំនិញម៉ាកល្បីៗលំដាប់អន្តរជាតិ

បច្ចុប្បន្ននេះប្រទេសកម្ពុជាមានផ្សារទំនិញរួចពន្ធចំនួន៣ទីតាំងសម្រាប់ពលរដ្ឋអាចទិញទំនិញម៉ាកល្បីៗលំដាប់អន្តរជាតិដោយមិនចាំបាច់ធ្វើដំណើរទៅបរទេសឡើយ។

ផ្សារទំនិញរួចពន្ធ៣ទីតាំងផ្សេងៗគ្នានេះ គឺទី១នៅរាជធានីភ្នំពេញ ស្ថិតនៅផ្សារក្រោមដីនៃសណ្ឋាគារ និងកាស៊ីណូ ណាហ្កាវើលដ៍, ទី២ ផ្សារទំនិញរួចពន្ធអង្គរសៀមរាប, និងទី៣ ផ្សារទំនិញរួចពន្ធក្រុងព្រះសីហនុ ដោយមានផលិតផលដែលជាម៉ាកល្បីលំដាប់អន្តរជាតិប្រមាណជាង៤០ម៉ាកមានដូចជា៖ ទឹកអប់ គ្រឿងសម្អាង កាបូប វ៉ាលី នាឡិកាដៃ
សម្លៀកបំពាក់ និងសម្ភារតុបតែងខ្លួន និងផលិតផលប្រណិតៗផ្សេងទៀត។

ការបង្កើតផ្សារទំនិញរួចពន្ធនេះក្នុងគោលដៅទាក់ទាញប្រជាពលរដ្ឋឱ្យចាយប្រាក់ទិញទំនិញម៉ាកទំនិញប្រណិតៗនៅ
ក្នុងស្រុក ជាជាងទៅចាយប្រាក់ទិញទំនិញនៅឯបរទេសស្របពេលកំពុងធ្វើការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីរងសម្ពាធនៃការរាតត្បាតពីជំងឺកូវីដ-១៩ ជាសកល។

ថ្លែងក្នុងពិធីសម្ពោធបើកដំណើរការផ្សារទំនិញរួចពន្ធ ស៊ី ឌី អេហ្វ នៅណាហ្គាវើលដ៍ កាលពីចុងសប្តាហ៍នេះ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា គោលការណ៍ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរជាជំហានថ្មីមួយទៀតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលដៅជួយគាំទ្រទៅដល់វិស័យអគារលក់ទំនិញរួចពន្ធ និងដើម្បីទាក់ទាញការវិនិយោគលើទីផ្សារម៉ាកទំនិញប្រណិតៗ ដែលកំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ។ ជាងនេះទៀតក្នុងគោលដៅទាក់ទាញប្រជាពលរដ្ឋឱ្យចាយប្រាក់ទិញទំនិញម៉ាកទំនិញប្រណិតៗនៅក្នុងស្រុក ជាជាងទៅចាយប្រាក់ទិញទំនិញនៅឯបរទេស។

លោក សូវ ចៀន ចិន(Shao Jian Chen) អគ្គនាយកក្រុមហ៊ុន China Duty Free Group (Cambodia) បានបញ្ជាក់ថា ពលរដ្ឋខ្មែរទូទៅ អាចទំនិញរួចពន្ធក្នុងតម្លៃចាប់ពី៥០ដុល្លារឡើងទៅហើយក្នុងមួយឆ្នាំអាចទិញទំនិញបានសរុបជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារសម្រាប់មនុស្សម្នាក់។

ចំណែកលោក វូ ហ្គូវ ឈួន(Wu Guo Quan) ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកផ្សារទំនិញរួចពន្ធនេះ គឺជាកម្លាំងចលករមួយជួយជំរុញដល់វិស័យលក់រាយទំនិញរួចពន្ធ ដែលជាគុណប្រយោជន៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img