(ភ្នំពេញ) ៖ ក្នុងរយៈពេល៥ថ្ងៃ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងកម្លាំងចម្រុះខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវ បង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀនទ្រង់ទ្រាយធំជាបន្ដបន្ទាប់ ក្នុងនោះចាប់ខ្លួន ជនជាតិចិនចំនួន១១នាក់ រឹបអូសសារធាតុញៀនជាង១.៨០តោន និងសារធាតុគីមីផ្សំជាង២៧៦តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កកណ្តាល។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឱ្យដឹង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ។
ប្រភពដដែលបានឱ្យដឹងថា ការបង្ក្រាបនេះអនុវត្តតាមបទបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការ រងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
មន្ត្រីនគរបាលដែលចុះបង្ក្រាប បានបញ្ជាក់ថា ការបង្ក្រាបករណីកែច្នៃគ្រឿងញៀននេះ ចាប់ពីថ្ងៃទី០៤ដល់០៩ ខែកក្កដា ឆ្នាំ២០២២ ដោយសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយ ឧត្តមសេនីយ៍ទោ អ៊ិន សុង វរសេនីយ៍ឯក តោ ដារិទ្ធ និងមានការចូលរួមពីកម្លាំងជំនាញពាក់ព័ន្ធរាជធានី ខេត្ត និងអាជ្ញាធររាជធានី ខេត្តពាក់ព័ន្ធទាំងអស់ មានរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល។
មុននឹងឈានដល់ការបង្ក្រាបនេះ សមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេតអស់រយៈពេល ជាង៣ខែ លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្មប្រតិបត្តិការ បង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃ ផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំចំនួន១២គោលដៅផ្សេងៗគ្នា ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ០៧គោលដៅ ខេត្តស្វាយរៀង០២គោដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃផលិត១ទីតាំង និងស្តុកទុកចំនួន៦ទីតាំងរួមមាន៖
ទីតាំងទី១៖ នៅចំណុចផ្លូវលំ ភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។
ទីតាំងទី២៖ នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃ្លាំងស្តុកសារធាតុគីមី)។
ទីតាំងទី៣៖ នៅចំណុច ភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ឃ្លាំងស្តុកសារ ធាតុញៀនកេតាមីន)។
ទីតាំងទី៤៖ នៅចំណុច ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (រោងចក្រកែច្នៃផលិតកេតាមីន)។
ទីតាំងទី៥៖ នៅចំណុចផ្លូវក្លោងទ្វាវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង (ឃ្លាំងស្តុកសារធាតុគីមី)។
ទីតាំងទី៦៖ នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី )។
ទីតាំងទី៧៖ នៅចំណុច កំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល(កុងតឺន័រផ្ទុកសារធាតុគីមី)។
សម្រាប់លទ្ធផល បង្ក្រាបបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន១១នាក់ ៖ ១ – ឈ្មោះ WU YILIN ភេទប្រុស អាយុ២៤ឆ្នាំ, ២-ឈ្មោះ JI ZHONG JUN ភេទប្រុស អាយុ៤១ឆ្នាំ, ៣ -ឈ្មោះ WANG CHUAN QIAO ភេទប្រុស អាយុ៣៨ឆ្នាំ, ៤- ឈ្មោះ LI BIN YANG ភេទប្រុស អាយុ៤២ឆ្នាំ, ៥- ឈ្មោះ CAI FENG FEN G ភេទប្រុស អាយុ៣៥ ឆ្នាំ, ៦ – ឈ្មោះ WANG PING ភេទប្រុស អាយុ ៦១ឆ្នាំ, ៧- ឈ្មោះ WANG XUN HUI ភេទប្រុស អាយុ៤៥ឆ្នាំ, ៨- ឈ្មោះ CAI LIANG ភេទប្រុស អាយុ ៤៩ឆ្នាំ, ៩ – ឈ្មោះ XU JIAN ភេទប្រុស អាយុ៤៧ឆ្នាំ, ១០ – ឈ្មោះ LUO GUANG HUI ភេទប្រុស អាយុ៣៩ឆ្នាំ, ១១ – ឈ្មោះ LI WEN SHUO ភេទប្រុស អាយុ៤២ឆ្នាំ។
សម្រាប់វត្ថុតាង ដែលដកហូត បានរួមមាន ៖ របាយសារធាតុញៀនកេតាមីន ចំនួន១តោន៨២៧ គីឡូក្រាម ៩៥២ក្រាម, សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩ គីឡូក្រាម, ឧបករណ៍ សម្ភារៈ គ្រឿងបន្លាស់សម្រាប់កែច្នៃផលិត គ្រឿងញៀនមួយចំនួនធំ, កេតាមីនទម្ងន់សុទ្ធ២១៨.៦២ក្រាម, រថយន្ត០៨ គ្រឿង, ម៉ូតូ០៣គ្រឿង, ទូរស័ព្ទដៃ ១៩គ្រឿង, អចលនទ្រព្យចំនួន០៧កន្លែង (ខុនដូរ០២, ឃ្លាំង០៤ , រោងចក្រផលិត០១, ផ្ទះវីឡា០១) ។ បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News