រតនគិរី៖ លោកធូ ឃឿ អភិបាលស្រុកអូរជុំឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៤ខែសីហាឆ្នាំ ២០២១សម្រាប់ពលរដ្ឋនៅក្នុងស្រុកអូរជុំទាំងមូលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩បាន ១០០% ។
លោកអភិបាលស្រុកបានឲ្យដឹងទៀតថាសម្រាប់ពលរដ្ឋនៅក្នុងស្រុកអូរជុំមានអាយុចាប់ពី ១៨ឆ្នាំឡើង ដែលត្រូវទទួលវ៉ាក់សាំងមានចំនួនជាង ១ ម៉ឺននាក់សម្រាប់ស្រុកអូរជុំមានឃុំចំនួន ៧ មានប្រជាពលរដ្ឋសរុបទូទាំងស្រុកជាង ២ម៉ឺននាក់។ចំពោះការផ្ដល់វ៉ាក់សាំងដូសទី ១ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកអូរជុំគឺចាប់ផ្ដើមផ្ដល់ជូនពីថ្ងៃទី ២៥ខែកក្កដានិងបានបញ្ចប់នៅថ្ងៃទី ១៤ខែ សីហាឆ្នាំ ២០២១។
លោកបន្ថែមទៀតថា ដោយមើលឃើញការមកទទួលវ៉ាក់សាំងនៅថ្ងៃចុងបញ្ចប់ដូសទី ១ ពលរដ្ឋនៅក្នុងស្រុកអូរជុំដែលមកទទួលថ្ងៃក្រោយគេនេះមានចាស់ជរាច្រើន អាជ្ញាធរក៏បានចូលរួមចំណែកលើកទឹកចិត្តដល់ពួកគាត់ដែលមានវ័យចំណាស់ហើយមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយអាជ្ញាធរស្រុកបានចែកអំណោយមនុស្សធម៌ជូនពួកគាត់ចំនួន ១០នាក់ដែលក្នុងម្នាក់ទទួលបានអង្ករ ១បេ ៥០គីឡូក្រាមនិងថវិកាបន្ថែមមួយចំនួនទៀត។
លោកបញ្ជាក់ថា ចំពោះថវិកាដែលផ្ដល់ជូនចាស់ជរានេះដែលគឺបានមកពីក្រុមយុវជន ( ស.ស.យ.ក.) ស្រុកអូរជុំនិងអង្ករជាជំនួយរបស់មនុស្សធម៌៕
អត្ថបទ និងរូបភាពដោយ៖ Puthi News