ខេត្តបាត់ដំបង ៖ បុរសម្នាក់ពាក់ស្បង់ចីវរក្លែងធ្វើជាសង្ឃដើរបិណ្ឌបាតតាមភូមិ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីសង្ស័យថា ជននេះជាសង្ឃក្លែងក្លាយ និងបានឆែកឆេររកឃើញគ្រឿងញៀនលាក់ទុកក្នុងថង់យាម កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី ០២ ខែមិថុនា ខណៈដែលជននេះកំពុងដើរសុំប្រាក់ពលរដ្ឋ នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ។
លោក សេង លុច អធិការស្រុកថ្មគោលបានប្រាប់កោះសន្តិភាពថា ជនក្លែងបន្លំជាព្រះសង្ឃនេះឈ្មោះ លឹម ចាន់វិបុល អាយុ៣០ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។ ជននេះ បានពាក់ស្បង់ចីវរក្លែងធ្វើជាសង្ឃដើរបិណ្ឌបាតបច្ច័យពីអ្នកភូមិ តែបដិសេធមិនទទូលយកចង្ហាន់ទេ ។
លោកបានបញ្ជាក់ថា ដោយសារតែសកម្មភាពចម្លែកបែបនេះហើយ ទើបអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយតាមមើលសកម្មភាពរហូតតាមរកឃើញសង្ឃក្លែងក្លាយនេះ ក៏ហៅសួរនាំ លុះត្រូតពិនិត្យថង់យាម ស្រាប់តែប្រទះឃើញគ្រឿងញៀនមួយកញ្ចប់ទៀត។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គេប្រទះឃើញសង្ឃក្លែងក្លាយម្នាក់នេះប៉ុន្មានព្រឹកជាប់ៗគ្នា បានដើរបិណ្ឌបាតនៅក្នុងមូលដ្ឋាន ក្នុងសកម្មភាពដ៏ចម្លែកបំផុត។ ចម្លែកត្រង់ថា សង្ឃម្នាក់នេះសុំតែបច្ច័យ មិនទទួលយកចង្ហាន់សោះ។
អ្នកភូមិនិយាយថា ដោយឃើញសកម្មភាពបែបនេះ អ្នកភូមិក៏បានរាយការណ៏ប្ដឹងទៅមន្រ្តីមូលដ្ឋានឲ្យជួយតាមឃ្លាំមើលសកម្មភាព។ លុះនៅព្រឹកថ្ងៃទី ០២ មិថុនា សមត្ថកិច្ចក៏ប្រទះឃើញជននេះជាថ្មី ទើបហៅទៅសួរនាំនៅប៉ុស្ដ៏រដ្ឋបាល ទើបដឹងថា ជននេះជាសង្ឃក្លែងក្លាយ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចឆែកឃើញមានរក្សាទុកនូវថ្នាំញៀនមួយកញ្ចប់ទៀតផង។ នៅចំពោះមុខសមត្ថកិច្ច សង្ឃក្លែងក្លាយឈ្មោះ លឹម ចាន់វិបុល នេះបានសារភាពថា ខ្លួនពិតជាសង្ឃក្លែងក្លាយមែន។
ជននេះនិយាយថា ខ្លួនបានស្នាក់នៅបណ្ដោះអាសន្ននៅក្នុង«វត្តខ្លាកូន» ស្ថិតក្នុងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ នៅទីនោះ ខ្លួនបានលួចយកស្បង់ចីវររបស់ព្រះសង្ឃនៅក្នុងវត្តនេះ យកមកពាក់បន្លំធ្វើជាសង្ឃក្លែងក្លាយ ដើម្បីដើរបិណ្ឌបាតបច្ច័យអ្នកភូមិ។ ជននេះបានបញ្ជាក់ថា ក្រោយមក ខ្លួនក៏បានធ្វើដំណើរមកបិណ្ឌបាតបច្ច័យនៅចំណុចភូមិ ឃុំ កើតហេតុខាងលើ បានបែបការក៏ត្រូវអ្នកភូមិប្ដឹងសមត្ថមកិច្ចឲ្យឃាត់ខ្លួនតែម្ដង។
លោក សេង លុច បាននិយាយថា នៅពេលមានការសង្ស័យដំបូង យើងបាននាំជននេះមកសួរនាំ លុះដឹងថា ជននេះជាសង្ឃក្លែងក្លាយ និងឆែករកឃើញមានរក្សាទុកគ្រឿងញៀនផង ទើបលោកស្នងការបញ្ជាឱ្យឃាត់ខ្លួនតែម្ដង។ ជាមួយនឹងការឃាត់ខ្លួននេះ ដោយយល់ឃើញថា ជននេះបានបន្លំធ្វើជាសង្ឃ ទើបខាងមន្រ្តីធម្មការស្រុក រួមទាំងអាជ្ញាធរស្រុក បានឯកភាពបកស្បង់ចីវរចេញពីខ្លួនជននេះ ហើយប្រគល់ឲ្យសមត្ថកិច្ចរបស់លោកចាត់ការជននេះតាមផ្លូវច្បាប់។
លោកអធិការបានបញ្ជាក់ថា ពេលនេះមន្រ្តីជំនាញរបស់លោក បានចាត់វិធានការតាមនីតិវិធីច្បាប់ ទៅលើជននេះពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ប៉ុន្តែជននេះអាចនឹងជាប់ពាក់ព័ន្ធនឹងបទល្មើសដទៃទៀត ប្រសិនបើតំណាងអយ្យការរកឃើញកំហុស ដែលជននេះបានប្រព្រឹត្ត៕
ដោយ៖ Puthinews