កណ្តាល៖ ចោរ២នាក់ក្នុងចំណោម៤នាក់ ដែលធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់ប្រជាពលរដ្ឋ ហើយគេចខ្លួនជាច្រើនខែមកហើយ ពេលនេះ ត្រូវបាននគរបាលស្រុកស្អាង ឃាត់ខ្លួនបានហើយ ។
ជនសង្ស័យ ត្រូវបាននគរបាលស្រុកស្អាង ឃាត់ខ្លួនបាន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រោយធ្វើសកម្មភាព កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កន្លងទៅ នៅចំណុច ដីចំការព្រែកជឺ ស្ថិតភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
លោកវរសេនីយ៍ទោ លន ចន្ថា អធិការរងនគរបាលស្រុកស្អាង បានអោយដឹងថា ជនរងគ្រោះ ឈ្មោះស្រូវ ស្រ៊ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យ២នាក់ដែលទើបឃាត់ខ្លួនបានមានឈ្មោះ ហេង ចាន់ណាក់ អាយុ៣៣ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល២៩ខែ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននិង ឈ្មោះ អម ឡុង អាយុ៣៨ឆ្នាំ ។
សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ក្រុមជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ាស៊ីនមបូមទឹករបស់ជនរងគ្រោះ រួចគេចខ្លួនបាត់ស្រមោល ។
លុះដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នគរបាលប៉ុស្តិ៍ត្រើយស្លា បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាសង្ស័យនិងឈានដល់ការឃាត់ខ្លួន តែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់ជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសាកសួរតាមនីតិវិធី ហើយនឹងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ Puthinews