29 C
Phnom Penh
Friday, November 22, 2024

យុវជនម្នាក់បន្តវេនពីជីតាផលិតសាស្ត្រាវុធ បុរាណខ្មែរ ដែលមានយូរលង់មកហើយ !

 បើទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រមរតកវប្បធម៌មួយនេះក៏ដោយ ក៏ប៉ុន្ដែមានយុវជនម្នាក់ រស់នៅក្នុងតំបន់អង្គរ នៃខេត្ដសៀមរាបបានសុខចិត្ដរៀនជំនាញជាងដែកផលិតសាស្ដ្រាវុធបុរាណ ដើម្បីបន្ដវេនពីជីរបស់គាត់។

នៅកន្លែងសិប្បកម្មរបស់យុវជន ឈ្មោះ រុន នពាន់ គឺមានគ្រឿងសាស្ត្រាវុធបែបបុរាណជាច្រើនប្រភេទ ដែលគាត់បានផលិតចេញពីលោហៈ និងឈើ ដូចជាដាវ កាំបិត កំាបិតស្នៀត លំពែង កាំបិតបន្ទោះ ព្រះខ័ន និងគ្រឿងសាស្ត្រាវុធជាច្រើនទៀត ទៅតាមលំនាំ និងក្បួនខ្នាតរបស់ខ្មែរបុរាណ។

យុវជនរូបនោះបានឱ្យដឹងថា មុខរបរផលិតគ្រឿងសាស្ត្រាវុធនេះ គឺគាត់បានរៀនសូត្រពីជីតា តាំងពីកុមារភាព ហើយមុខរបរនេះមិនបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់គាត់ល្អប្រសើរឡើយ ខណៈដែលការជួយគាំទ្រ និងបញ្ជាទិញពីអតិថិជនក៏កាន់តែមានតិចតួចទៅៗ ស្របពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿន ឧបករណ៍ប្រើប្រាស់ផ្សេងៗក៏កាន់តែទំនើប។ ប៉ុន្តែទោះបីជាយ៉ាងណាលោក នៅតែខំប្រឹងបន្តមុខរបរផលិតគ្រឿងសាស្ត្រាវុធបុរាណខ្មែរតទៅទៀត ដោយសារតែទឹកចិត្តស្រឡាញ់ និងចង់ថែរក្សាមរតកវប្បធម៌ដ៏យូរលង់របស់ខ្មែរ កុំឱ្យបាត់បង់។

លោក រុន នពាន់ មានប្រសាសន៍ទៀតថា ជាច្រើនជំនាន់មកហើយពូជពង្សរបស់លោក គឺជាអ្នកផលិតគ្រឿងសាស្ត្រាវុធបុរាណខ្មែរ ហេតុដូច្នេះបើទោះបីជាបច្ចុប្បន្នក្រុមគ្រួសារលោកភាគច្រើនមិនមានអ្នករៀនជំនាញនេះតទៅទៀតក៏ដោយ ក៏រូបលោកនៅតែបន្តវេនធ្វើជំនាញនេះ ពីព្រោះវាគឺជាញើសឈាមរបស់ជីតា។

ជីតារបស់យុវជន រុន នពាន់ គឺលោកតា នូ លាត ដែលអ្នកភូមិជាច្រើនគោរព និងទទួលស្គាល់ថា ជាជាងដែកយ៉ាងចំណាន ចេះផលិតសម្ភារ និងគ្រឿងសាស្ត្រាវុធបុរាណខ្មែរជាច្រើនប្រភេទធ្វើពីលោហៈ ( ដែក) ក៏ប៉ុន្តែគាត់បានទទួលមរណភាពទៅហើយដោយសារវ័យចាស់ជរា។ កូនៗរបស់លោកតា នូ លាត មានចំនួន ៨នាក់ គឺគ្មាននរណាម្នាក់បានរៀនជំនាញជាងដែកនេះទេ។

លោកបានបន្ដថា ការផលិតអាវុធបុរាណខ្មែរបន្តពីឪពុកទេ គឺមានតែយុវជន រុន នពាន់ ដែលជាចៅប្រុសម្នាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តរៀនជំនាញនេះ ដើម្បីបន្តវេនពីជីតា។

ជំនាញជាងដែកផលិតជាសម្ភារ ប្រើប្រាស់ និងគ្រឿងសាស្ត្រាវុធខ្មែរបុរាណនេះ គឺជាការងារដែលនឿយហត់ ដែលទាមទារឱ្យមានកម្លាំងខ្លាំង និងកាយសម្បទារឹងមាំ ទើបអាចធ្វើទៅកើត ពីព្រោះរាល់ការដំដែក គឺត្រូវប្រើកម្លាំងលើកញញួរធ្ងន់ៗដើម្បីដំដែករឹង។ កាលណាកម្លាំងមិនដល់ គឺមិនអាចធ្វើការងារនោះបានឡើយ។ យុវជន រុន នពាន់ យល់ថាបើទោះបីជាមុខរបរជាងដែកផលិតអាវុធបុរាណនេះ លំបាកប៉ុណ្ណាក៏ដោយ ក៏រូបលោកនៅតែតស៊ូ ដោយសារតែរូបលោកស្រឡាញ់ ហើយឈាមរបស់ជីតាលោកគឺជាជាងគ្រប់ជំនាន់ បើបណ្ដោយឱ្យបាត់បង់កេរ្តិ៍មរតករបស់ជីតាដែលមានតាំងពីយូរមកហើយនោះ គឺគ្រួសាររបស់គាត់ហាក់បាត់បង់អ្វីៗទាំងអស់ដែរ។

ដោយ៖ Puthinews

អានបន្ត

spot_img
spot_img