28 C
Phnom Penh
Friday, December 27, 2024

ការត្រឡប់មកស្រុកកំណើតវិញ!ពលករ១០០នាក់មកពីប្រទេសថៃធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដចំនួន១២ទៅហើយ

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង ៖ ពលករខ្មែរប្រមាណជាង៤០០នាក់ ដែលជាប់គាំងនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាមានវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែន ជាពិសេសខេត្តបាត់ដំបង រយៈពេល១៤ថ្ងៃ ក្នុងន័យដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ប្រភេទដែលតា(Delta) ដែលនឹងត្រូវបានបញ្ចប់នៅម៉ោង ២៣:៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ហើយឈានចូលដល់ព្រឹកថ្ងៃទី១៣ ខែសីហា នេះដែរ ពួកគាត់បានសម្រុកចូលមកស្រុកកំណើតវិញ ដោយបានឆ្លងកាត់ច្រកទ្វារតំបន់ព្រំដែនសួនស៊ុ ហៅ អូរអន្លក់ ក្នុងឃុំតាសែន ស្រុកកំរៀង និងមួយផ្នែកទៀតចូលតាមច្រករបៀង ស្ថិតក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង ។

អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ បានដឹកនាំប្រតិភូខេត្ត មានថ្នាក់ដឹកនាំតាមស្ថាប័នមន្ទីរនានាក្នុងខេត្ត មកទទួលយកពលករខ្មែរទាំងអស់នោះមកវិញ បន្ទាប់ពីបានជាប់គាំងដោយការបិទខ្ទប់ព្រំដែននៃប្រទេសកម្ពុជា ថៃ ដែលភាគីថៃ បានរៀបចំឱ្យមានការស្នាក់នៅជាបណ្តោះអាសន្ន ក្នុងមណ្ឌលចត្តាឡីស័កនៅស្រុកសយដាវ និងស្រុកប៉ូណាំរ៉ង ខេត្តចាន់បូរី ដែលក្នុងនោះខាងភាគីថៃបានពិភាក្សា និងបញ្ជូនពលករទាំងនោះនៅពេលបើកព្រំដែនឡើងវិញបន្ទាប់ពីបានបិទខ្ទប់អស់រយៈពេល១៤ថ្ងៃកន្លងមក ។

លោក ងួន រតនៈ បានបញ្ជាក់ថា ពលករដែលមកដល់ច្រកទ្វារព្រំដែនត្រូវបានមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានយកសំណាក និងធ្វើតេស្តរហ័ស ដោយបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ទៅលើពួកគេជាបន្តបន្ទាប់ ។ 

ឯកឧត្តម បានបញ្ជាក់ថា ពលករដែលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាល ដោយដាក់ពួកគាត់នៅដាច់ដោយឡែកពីអ្នកជំងឺចាស់ និងអ្នកអវិជ្ជមានត្រូវបានដឹកជញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង មុននឹងបញ្ជូនបន្តទៅមណ្ឌលចត្តាឡីស័កនៅខេត្តសាមីរបស់ពួកគាត់ទៀត ។

សូមបញ្ជាក់ថា ពេលពលករចូលមកដល់ច្រកទ្វារព្រំដែន ត្រូវបានយកសំណាកធ្វើតេស្តរហ័ស ដោយបានរកឃើញវិជ្ជមានកូវីដ-១៩ ជាលទ្ធផលបឋម ពលករចំនួន១០០នាក់ បានរកឃើញអ្នកវិជ្ជមានចំនួន១២នាក់ ។

នៅក្នុងការបើកឱ្យដំណើរការព្រំដែនឡើងវិញនេះ  កងកម្លាំងយោធពលខេមរភូមិន្ទ បានយករថយន្តដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ដឹកពលករដែលកំពុងជាប់គាំងនៅព្រំដែនក្នុងទឹកដីថៃ ប្រមាណ៤០០នាក់ ចូលមកក្នុងប្រទេកម្ពុជាវិញ ដើម្បីបញ្ជូនពួកគេទៅ

ព្យាបាលជំងឺ និងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក តាមខ្សែបន្ទាត់ព្រំដែននៃខេត្តបាត់ដំបងផងដែរ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img