លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ បានសម្តែងក្តីបារម្ភចំពោះវិបត្តិស្បៀងអាហារពិភពលោកនៅឆ្នាំក្រោយ។
ថ្លែងក្នុងកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រោមមូលបទ «ទិដ្ឋភាពយុទ្ធសាស្ត្រលើអាស៊ាន» នៅថ្ងៃទី២៤ ខែឧសភា ដែលជាផ្នែកនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ នៅទីក្រុង Davos-Klosters ប្រទេសស្វីស លោក ហ៊ុន សែន បានថ្លែងថា ផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ពេលនេះបានធ្លាក់ចុះជាបណ្តើរៗហើយ ប៉ុន្តែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ។
លោកបានមានប្រសាសន៍ថា ប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ បាននឹងកំពុងទទួលរងនូវវិបត្តិថាមពល ប៉ុន្តែនៅឆ្នាំក្រោយនឹងមានវិបត្តិស្បៀងអាហារពិភពលោក ដោយលោកអំពាវនាវឱ្យមានដំណោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក ហ៊ុន សែន បានថ្លែងថា អាស៊ានប្រហែលជាមិនប្រឈមនឹងបញ្ហាធ្ងន់ធ្ងរទេ ព្រោះប្រហែលពាក់កណ្តាលនៃប្រទេសសមាជិកអាស៊ានជាអ្នកផលិតអង្ករ។
“ឥឡូវនេះប្រទេសមួយចំនួនកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយពីរផ្លូវ មួយមកពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងមួយទៀតមកពីទណ្ឌកម្ម។ លោកនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ទណ្ឌកម្មគួរតែត្រូវបានបញ្ឈប់ វាគ្មានប្រយោជន៍ទេ សូម្បីតែប្រទេសដែលកំពុងដាក់ទណ្ឌកម្មលើរុស្ស៊ីក៏ដោយ»។
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News