(កៀវ)៖ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ប៉េឡូស៉ី (Nancy Pelosi) នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា លោកស្រីបានជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅទីក្រុងកៀវ ដើម្បីជាការផ្ញើសារបង្ហាញថា សហរដ្ឋអាមេរិកឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២។
លោកស្រី Pelosi ត្រូវបានអមដំណើរដោយ សមាជិកសភាអាមេរិកប៉ុន្មានរូបទៀត ក្នុងការបំពេញទស្សនកិច្ច ដែលធ្វើឡើងក្រោយដំណើរទស្សនកិច្ច កាលពីសប្តាហ៍កន្លងទៅនេះ នៅអ៊ុយក្រែន របស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនកិន (Antony Blinken) និងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin)។
លោកស្រីប្រធានសភាអាមេរិក បានសង្កត់ធ្ងន់ដូច្នេះថា «ប្រតិភូយើងបានធ្វើដំណើរទៅទីក្រុងកៀវ ដើម្បីផ្ញើសារទៅកាន់ពិភពលោកទាំងមូលថា៖ អាមេរិកឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន»។ លោកស្រី Pelosi បានបន្តថា ជំនួយបន្ថែមទៀតរបស់អាមេរិក កំពុងស្ថិតក្រោមការរៀបចំ។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោកស្រី Pelosi បានបង្ហាញក្តីសង្ឃឹមថា សភាអាមេរិកនឹងអាចអនុម័ត ជំនួយទំហំ៣៣ពាន់លានដុល្លារ ដែលស្នើដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឱ្យបានឆាប់តាមតែធ្វើទៅបាន។ កញ្ចប់ជំនួយនោះ រួមមាន២០ពាន់លានដុល្លារ សម្រាប់សព្វាវុធ ៨.៥ពាន់លានដុល្លារ សម្រាប់ជំនួយសេដ្ឋកិច្ច និង៣ពាន់លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌។
គួរបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ប្រតិភូរបស់លោកស្រី Pelosi បានបន្តធ្វើដំណើរទៅកាន់ប៉ូឡូញ ដើម្បីជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេ ឌូដា (Andrzej Duda) និងមន្រ្តីជាន់ខ្ពស់ប៉ូឡូញដទៃទៀត៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News