29 C
Phnom Penh
Thursday, November 21, 2024

មូលនិធិ IMF ព្រមានពីហានិភ័យនៃភាពនៅទ្រឹងនៃសេដ្ឋកិច្ច និងកំណើនអតិផរណា និងទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចអាស៊ី

មន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមាននៅថ្ងៃអង្គារនេះថា តំបន់អាស៊ីប្រឈមនឹងចក្ខុវិស័យភាពនៅទ្រឹងនៃសេដ្ឋកិច្ចនិងកំណើនអតិផរណា (stagflationary) ដោយលើកឡើងពីសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងតម្លៃទំនិញ និងការថមថយសេដ្ឋកិច្ចក្នុងប្រទេសចិន ដែលបង្កើតឱ្យមានភាពមិនច្បាស់លាស់ខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Anne-Marie Gulde-Wolf នាយកស្តីទីនៃនាយកដ្ឋានតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF ថា បើទោះជាការប្រឈមផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់តំបន់អាស៊ីទៅនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅមានកម្រិតក្តី ក៏សេដ្ឋកិច្ចរបស់តំបន់នេះនឹងរងផលប៉ះពាល់ដោយសារវិបត្តិនេះ តាមរយៈការកើនឡើងតម្លៃទំនិញ និងកំណើនកាន់តែយឺតយ៉ាងនៅក្នុងប្រទេសជាដៃគូពាណិជ្ជកម្មនៅអឺរ៉ុប។

ជាងនេះទៅទៀត លោកស្រីបានកត់សម្គាល់ថា អតិផរណានៅអាស៊ីក៏ចាប់ផ្តើមកើនឡើងផងដែរ នៅពេលដែលការការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបន្ថែមសម្ពាធលើកំណើនសេដ្ឋកិច្ចក្នុងតំបន់។

លោកស្រី Gulde-Wolf បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតនៅទីក្រុងវ៉ាស៊ីនតោនថា៖ “ដូច្នេះហើយ តំបន់នេះប្រឈមមុខនឹងទស្សនវិស័យភាពនៅទ្រឹងនៃសេដ្ឋកិច្ចនិងកំណើនអតិផរណា ដោយមានកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុកកន្លងមក ហើយកំណើនអតិផរណាខ្ពស់ជាងមុន”។

លោកស្រី Gulde-Wolf បានឱ្យដឹងទៀតថា បញ្ហាដែលកើតចំពោះកំណើនសេដ្ឋកិច្ចនេះកើតឡើងក្នុងពេលមួយដែលលំហរគោនយោបាយក្នុងការឆ្លើយតបនៅមានកម្រិត។ លោកស្រីបន្ថែមថា អ្នកបង្កើតគោលនយោបាយនៅតំបន់អាស៊ីនឹងប្រឈមមុខនឹងការថ្លឹងថ្លែងដ៏លំបាកមួយក្នុងការឆ្លើយតបទៅនឹងការថមថយកំណើនសេដ្ឋកិច្ច និងកំណើនអតិផរណា។

លោកស្រីបន្តថា៖ “ការរឹតបន្តឹងរូបិយវត្ថុនឹងត្រូវការជាចាំបាច់នៅក្នុងប្រទេសភាគច្រើន ដោយល្បឿននៃការរឹតបន្តឹងនេះអាស្រ័យលើការអភិវឌ្ឍអតិផរណាក្នុងស្រុក និងសម្ពាធពីខាងក្រៅ”។ ការដំឡើងអត្រាការប្រាក់ជាលំដាប់របស់ធនាគារកណ្តាលអាមេរិកដែលរំពឹងថានឹងកើតមាន ក៏បង្ហាញពីបញ្ហាប្រឈមចំពោះអ្នកបង្កើតគោលនយោបាយនៅអាស៊ីផងដែរ ដោយសារបំណុលជាប្រាក់ដុល្លារមានដ៏ច្រើននៅក្នុងតំបន់នេះ។

នៅក្នុងការព្យាករចុងក្រោយបំផុតរបស់ខ្លួនដែលបានចេញផ្សាយក្នុងខែនេះ មូលនិធិ IMF បានឱ្យដឹងថា ខ្លួនរំពឹងថា សេដ្ឋកិច្ចរបស់អាស៊ីនឹងកើនឡើង ៤,៩% នៅឆ្នាំនេះ ដែលធ្លាក់ចុះ ០,៥% ពីការព្យាករកាលពីខែមករា។ អតិផរណានៅតំបន់អាស៊ី ឥឡូវត្រូវបានព្យាករថានឹងឡើងដល់ ៣,៤% ក្នុងឆ្នាំ២០២២ ដែលខ្បស់ជាងកាលព្យាករកាលពីខែមករាចំនួន ១ពិន្ទុភាគរយ។

ប្រភពទីភ្នាក់ងារព័ត៌មានរ៉យទ័រដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img