28 C
Phnom Penh
Thursday, September 19, 2024

រថយន្តបែនដឹកដីធុនធំ បើកបុកម៉ូតូសណ្ដោងរ៉ឺម៉កនៅផ្លូវជាតិលេខ២ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ រថយន្តបែនដឹកដីធុនធំ មួយគ្រឿង បានបើកបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឱ្យបុរសម្នាក់ស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ បង្កឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ កែងច្រកចូលបុរីពិភពថ្មី គួរស្រូវ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់ និងរងរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនោះ គេឃើញបុរស២នាក់បានជិះម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងដឹកអីវ់ាន់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក DAEWOO ប្រភេទបែនដឹកដីធុនធំ ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-7153 ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា មកបុកពីមុខម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹង បណ្ដាលឱ្យរថយន្តបង្កខូចខាតពីមុខតិចតួច ចំណែកម៉ូតូសណ្ដោងរ៉ឺម៉កបានបាក់ក រងការខូចខាតយ៉ាងដំណំ ។

ដោយឡែកបុរស ២នាក់ដែលជិះម៉ូតូសណ្ដោងរ៉ឺម៉កបានរងរបួសធ្ងន់ធ្ងរ រហូតមានបុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ រីឯបុរសម្នាក់ទៀតកំពុងសម្រាកព្យាបាយនៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានបើកទ្វាររត់គេចបាត់ស្រមោល រួចមួយសន្ទុះក្រោយក៏មានបុរសម្នាក់មកបកស្លាកឡូហ្គូរបស់ក្រុមហ៊ុនចេញពីរថយន្តបង្ក តែត្រូវសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួន។ បន្ទប់មកសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូសណ្ដោងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានាពេលក្រោយ។


ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img