ស្តាប់អត្ថបទជាសម្លេង
កំពត៖ ក្រោយពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពតរួចមក រដ្ឋបាលក្រុងដែលទើបតែបបង្កើតថ្មីមួយនេះ ត្រូវបានរដ្ឋបាលខេត្តកំពត ប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាល ជាផ្លូវការហើយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
លោក ជាវ តាយ អភិបាលខេត្តកំពត ដែលបានប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោថ្មីនេះ បានធ្វើការណែនាំដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងក្រុងបូកគោ ត្រូវរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងដើម្បីកសាង និងអភិវឌ្ឍន៍ក្រុងបូកគោ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ក្រៅពីនេះ ត្រូវរួមគ្នាក្នុងការផ្តល់សេវាសាធារណៈ ខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន ពិសេសការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលនេះជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត ត្រូវមានការយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងប្រកបដោយភាពម្ចាស់ការក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុងបូកគោនៃខេត្តកំពត តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយកាត់យកឃ្មុំចំនួន ៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត មានភូមិចំនួន១១ ដែលមានផ្ទៃដីសរុប ១៥,២៣០.១៨២ហិកតា និងប្រជាពលរដ្ឋសរុប ២៣,៣១៦នាក់ ស្មើនឹង ៥,០២៤គ្រួសារ។ ការបង្កើតក្រុងបូកគោនេះឡើង ដោយសារស្ថានភាពស្រុកទឹកឈូ មានភូមិសាស្ត្រផ្ទៃដីធំទូលាយ និងមានប្រជាពលរដ្ឋរស់នៅច្រើនដែលធ្វើឱ្យអាជ្ញាធរស្រុកជួបការលំបាកក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលនានា ក៏ដូចជាការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News