បាត់ដំបង៖ ទីតាំងខារ៉ាអូខេ យីហោ ហាយក្លាស High Class មួយកន្លែង ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានកម្លាំងជំនាញនគរបាលខេត្តបាត់ដំបង ឆ្មក់ចូលភ្លាមៗកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។

នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សុខ និមល នាយ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

លោកបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របស ម្រួល លើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង ទើបកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានកិច្ចសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការឆ្មក់ចូលបង្ក្រាបករណីចាត់ចែងឱ្យប្រើប្រាស់សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទ ល្មើសជាក់ស្ដែងនៅចំណុចទីតាំងខារ៉ាអូខេខាងលើ ដែលក្នុងនោះ បានធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៤០នាក់ នាំមកកាន់ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ដើម្បីធ្វើការសាសួរស្រាវជ្រាវ។

លោក បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលដក ហូតបាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន០២ថង់ ទម្ងន់១,៤០ក្រាម (ទាំងសំបក)
-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន០២គ្រាប់ និង ០២កំណាត់ ទម្ងន់០,៨៨ក្រាម
-ប្រាក់ដុល្លាចំនួន ២,៤៥០ដុល្លា (ពីរពាន់បួនរយហាសិបដុល្លា)
-ប្រាក់រៀលចំនួន ៦ ,១០០ ,០០០រៀល (ប្រាំមួយលានដប់ម៉ឺនរៀល) ។

បន្ទាប់ពីធ្វើការស្រាវជ្រាវរកឃើញថា មានជនសង្ស័យចំនួន ១១នាក់ ស្រី០១ នាក់ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ សមត្ថកចិ្ចកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសា លាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯអ្នកដែលមិនពាក់ព័ន្ធក្នុងករណីនេះត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅសហគមន៍វិញ៕

អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews