28 C
Phnom Penh
Wednesday, December 4, 2024

ពលករខ្មែរចំនួន១២០នាក់ ដែលភាគីថៃចាប់បញ្ជូនមក ធ្វើតេស្តរកឃើញកូវីដ-១៩ អវិជ្ជមាន ខណៈពលករចំនួន៣២នាក់ បញ្ជូនទៅមណ្ឌលចត្តាឡីស័ក

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ថា ពលករខ្មែរចំនួន១២០នាក់ ដែលភាគីថៃចាប់បញ្ជូនមកតាមច្រកព្រំដែនតំបន់អូរអន្លក់ ត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានត្រួតពិនិត្យ និងធ្វើតេស្តរហ័ស (Rapid Test) គឺអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់ ក្នុងនោះពលករចំនួន៣២នាក់ ត្រូវបានចាត់បញ្ជូនបន្តទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក តាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកសំពៅលូន ដើម្បីថែទាំសុខភាព។

នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដែលតែងតែណែនាំដល់កងកម្លាំងនគរបាលការពារព្រំដែន ចូលរួមជាប់ជាប្រចាំក្នុងកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពិសេសត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញ-ចូល ដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ទើបលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ ដោយមានកិច្ចសហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

លោក សួន ស៊ីរ៉ា បានឱ្យដឹងទៀតថា បន្ទាប់ពីក្រុមការងារធ្វើការសាកសួរព័ត៌មាន កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំបន្ថែមអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩រួចមក ក្រុមគ្រូពេទ្យជំនាញបានធ្វើតេស្តរហ័ស(Rapid Test) លើពលករសរុបទាំងអស់មានចំនួន១២០នាក់(ស្រី ចំនួន៤៥នាក់ និងមានក្មេងចំនួន២៥នាក់ ស្រីចំនួន១៥នាក់) ជាលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់។ ដោយឡែកពលករចំនួន៣២នាក់ (ស្រីចំនួន១០នាក់ មានក្មេងចំនួន ៦នាក់ ស្រី៣នាក់) ត្រូវបានក្រុមការងារធ្វើការដឹកជញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែពួកគាត់មិនបានចាក់វ៉ាក់សាំងកូវីដ-១៩ បានពេញលេញ ដើម្បីតាមដានសុខភាពបន្តទៀត។

លោកបានបញ្ជាក់ថា ចំពោះពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន៨៨នាក់ (ស្រីចំនួន៣៥នាក់ មានក្មេងចំនួន១៩នាក់ ស្រី១២នាក់) ក្នុងនោះបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំ ចំនួន៨នាក់ (ស្រី៤នាក់) ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតសាម៉ីរៀងៗខ្លួន៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

YOUTUBE | Puthinews

អានបន្ត

spot_img
spot_img