29 C
Phnom Penh
Thursday, December 26, 2024

ក្រោយផ្ទុះកូវីដ-១៩កើនឡើងជាថ្មី អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់ចេញវិធានការរដ្ឋបាលជាថ្មីរយៈពេល១៤ថ្ងៃ

ស្តាប់អត្ថបទជាសំឡេង

កំពងស្ពឺ៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាថ្មីម្តងទៀត ក្រោយស្ថានភាពនៃការឆ្លងបានស្ទុះឡើងវិញជាថ្មី គួរឱ្យព្រួយបារម្ភ។ ការដាក់ចេញវិធានការរដ្ឋបាលនេះ ធ្វើឡើងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

ក្រោយការដាក់ចេញនូវវិធានការរដ្ឋបាលនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានកំណត់ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមានជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡា។ ក្រៅពីនេះ រាល់សកម្មភាពការងារ មុខរបរ អាជីវកម្ម ដែលមិនត្រូវបានហាមឃាត់ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ។

ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី១០នាក់ លើកលែងតែចំពោះករណីមួយចំនួនដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។ ដោយឡែកចំពោះបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារណែនាំនេះ រដ្ឋបាលខេត្ត និងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ដូចបានកំណត់ក្នុងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមលិខិតបទដ្ឋានគតិយុត្តិផ្សេងៗជាធរមាន៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img