ស្តាប់អត្ថបទជាសំឡេង
កែប៖ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានអះអាងថា ត្រឹម១ថ្ងៃដំបូង នៃការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ
ខេត្តកែបទទួលបានភ្ញៀវទេសចរចំនួន ២៦.៧៩០នាក់ ដែលចំនួននេះខ្ពស់ជាងចំនួនដែលលោកបានរំពឹងទុក ដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ១០១នាក់ផងដែរ។
លោកបានប្រាប់ Puthi News ឲ្យដឹងនាល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះថា ស្ថានភាពនៃភ្ញៀវទេសចរមកលេងខេត្តកែបថ្ងៃដំបូង ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ យើងមិននឹកស្មានដល់ថា ភ្ញៀវទេសចរមកច្រើនដល់កម្រិតប៉ុណ្ណេះនោះទេ ទាំងទិដ្ឋភាពភ្ញៀវ និងស្ថិតិភ្ញៀវ។
លោកថា រាជរដ្ឋាភិបាលបានស្រោចវ៉ាក់សាំងបើគិតមកទល់ពេលនេះសម្រេច ២ដួស ទៅលើវិស័យឯកជន និង៣ដូស សម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយបន្តដល់ដូសទី១ សម្រាប់កុមារ និងយុវវ័យ បើទោះបីជាបញ្ហាកូវីដនៅមិនទាន់បញ្ចប់យ៉ាងណាក៏ដោយ ក៏គោលនយោបាយនៃការចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋ ធ្វើឲ្យ
ការធ្វើដំណើរកម្សាន្តរបស់ទេសចរក្នុងស្រុក បានកាត់បន្ថយនូវការភ័យខ្លាចនៃជំងឺកូវីដ១៩ ពោល ពួកគាត់មានរបាំងសម្រាប់ការពារខ្លួន។
លោកបន្តថា តាមរយៈកំណើនភ្ញៀវទេសចរត្រឹម១ថ្ងៃដំបូងនេះ លោករំពឹងខ្ពស់សម្រាប់ថ្ងៃឈប់សម្រាកដែលនៅសល់២ថ្ងៃទៀត ភ្ញៀវទេសចរនឹងបន្តកើនឡើង។
លោកក៏សម្តែងការព្រួយបារម្ភ
ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ តែលោកថា យើងមានយន្តការ ដោយបង្កើតក្រុមការងារ ចុះទៅណែនាំដោយផ្ទាល់ដល់ភ្ញៀវទេសចរនៅតាមគោលដៅ ហើយណាមួយភ្ញៀវទេសចរយើង ក៏បានយល់ដឹងពីបញ្ហាកូវីដនេះច្រើនគួសមហើយដែរ។
ស្របពេលដែលការសម្រុកដើរកម្សាន្តរបស់ភ្ញៀវទេសចរមកកាន់ខេត្តកែប មានចំនួនច្រើនគួរឲ្យកត់សម្គាល់បែបនេះ ចៀសមិនផុតពីការប្រមូលផ្តុំមនុស្សក្នុងចំនួនលើសពីអ្វីដែល ក្រសួងបានកំណត់។ តែយ៉ាងណាយើងសង្ឃឹមថា ភ្ញៀវទេសចរ នឹងអនុវត្តន៍តាមវិធានការ ៣កុំ ៣ការពារ។ ហើយក៏សង្ឃឹមថា នឹងមិនមានករណីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ឡើយ៕
អត្ថបទ និងរូបភាពដោយ៖Puthi News