26 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យស្ថាប័នពាក់ព័ន្ធ ត្រៀមជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ ខណៈអាកាសធាតុកំពុងមានការប្រែប្រួល

ស្តាប់អត្ថបទជាសម្លេង

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងថា ខេត្តមួយនេះនឹងអាចជួបនូវឧបទ្ទវហេតុគ្រោះធម្មជាតិផ្សេងៗ(ទឹកជំនន់) ខណៈដែលអាកាសធាតុមានការប្រែប្រួលខ្លាំង។ ដូច្នេះមន្ទីរពាក់ព័ន្ធត្រូវតែត្រៀមលក្ខណៈទុកជាមុនដើម្បីបង្ការ និងទប់ស្កាត់ចំពោះផលប៉ះពាល់ដែលនឹងអាចកើតមានឡើងនាពេលខាងមុខ។ ទន្ទឹមនឹងនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវប្រឹងធ្វើយ៉ាងណាតាមដាននៃការប្រែប្រួលអាកាសធាតុ ហើយផ្សព្វផ្សាយជាសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប និងមានការត្រៀមបង្ការទុកជាមុន។

លោក វ៉ី សំណាង បានលើកឡើងថា អាកាសធាតុអាចនឹងមានការប្រែប្រួលគ្រប់ពេលវេលា ហើយគ្រោះធម្មជាតិនានានឹងអាចកើតឡើងគ្រប់ពេលដូចជា ខ្យល់កន្ត្រាក់ ការរាំងស្ងួត ឬក៏ទឹកជំនន់ជាដើម។ បច្ចុប្បន្នមើលឃើញពីស្ថានភាពអាកាសធាតុខេត្តកំពង់ស្ពឺអាចប្រឈមនឹងបញ្ហាទឹកជំនន់។ ដូច្នេះមន្ទីរធនធានទឹក ត្រូវតាមដាមមើលឱ្យបានច្បាស់លាស់ ហើយអភិបាលក្រុង-ស្រុក ក៏ត្រូវតាមដានត្រួតពិនិត្យ ដោយធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ អភិបាលខេត្តកំពង់ស្ពឺក៏បានជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងក្រុមមន្ត្រីជំនាញពេទ្យសត្វក៏ត្រូវត្រៀមបម្រុងនូវថ្នាំសង្កូវផ្សេងៗសម្រាប់សុខភាពសត្វផងដែរ ដើម្បីព្យាបាលសត្វដែលជួបប្រទះនូវបញ្ហាជំងឺផ្សេងៗ រួមនឹងជំងឺដុំពកផងដែរ ខណៈដែលស្រុកចំនួនពីររបស់ខេត្តកំពង់ស្ពឺ បានជួបប្រទះរួចហើយ ហើយក៏កំពុងរាលដាលលើខេត្តមួយចំនួនផងដែរ។ ចំពោះពេទ្យគ្រប់ឃុំនៃមន្ទីរសុខាភិបាលខេត្តក៏ត្រូវតែត្រៀម នៅពេលដែលមានទឹកជំនន់មកដល់ ប្រជាពលរដ្ឋអាចប្រឈមនឹងជំងឺផ្សេងៗ ខណៈដែលការហូបចុក និងផឹកទឹកពុំមានអនាម័យដែលនាំឱ្យមានការរាគរួស សត្វអសិរពិស និងត្រូវរត់រកទីទួលសុវត្ថិភាព។ ដូច្នេះក្រុមគ្រូពេទ្យក៏ត្រូវត្រៀមថ្នាំផងដែរដើម្បីព្យាបាលនៅពេលដែលសត្វខាំ ឬទិច។

ក្រៅពីនេះ ក៏ត្រូវត្រៀមលក្ខណៈបង្ការទប់ស្កាត់របស់មន្ទីរអង្គភាពជំនាញ អាជ្ញាធរក្រុង ស្រុកទាំង៨នៃខេត្តកំពង់ស្ពឺក៏ត្រូវប្រកាសដល់ឃុំ-សង្កាត់ទាំងអស់របស់ខ្លួន ដោយធ្វើយ៉ាងត្រូវមើលថែមនុស្សចាស់ជរាដែលងាយក្នុងការរងគ្រោះ និងកូនក្មេងដែលអាចលង់ទឹកជាយថាហេតុ។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺក៏ជាខេត្តមួយដែលងាយក្នុងការជនលិចពីទឹកជំនន់ផងដែរ ដែលកន្លងមកហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងខេត្តនេះត្រូវបានរងការបំផ្លាញដោយទឹកជំនន់ ហើយបច្ចុប្បន្នកំពុងធ្វើការស្តារឡើងវិញ៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img